អារ៉ាប់រួម៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani បានសន្យាថានឹងវិលត្រឡប់ទៅកាន់ប្រទេសរបស់លោកវិញ ដើម្បីបន្តការតស៊ូសម្រាប់សិទ្ធិ និងតម្លៃរបស់ប្រជាពលរដ្ឋ។ លោក Ghani បានភៀសខ្លួនពីអាហ្វហ្គានីស្ថានកាលពីថ្ងៃអាទិត្យ ខណៈដែលពួកតាលីបង់បានវាយសម្រុកចូលជិតដល់រដ្ឋធានីកាប៊ុល ហើយកន្លែងលាក់ខ្លួនរបស់លោកនៅតែមិនត្រូវបានគេដឹង រហូតដល់ថ្ងៃពុធនៅពេលដែលអារ៉ាប់រួមបាននិយាយថា ខ្លួនបានទទួលយករូបលោក និងក្រុមគ្រួសារដោយគិតគូរពីមនុស្សធម៌។

ថ្លែងពីការនិរទេសខ្លួននៅអារ៉ាប់រួម ប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani បាននិយាយថា លោកបានចាកចេញពីរដ្ឋធានីកាប៊ុលដើម្បីកុំឲ្យមានការបង្ហូរឈាមគ្នា ហើយបានបដិសេធរបាយការណ៍ដែលថា លោកបានយកប្រាក់ចំនួន ១៦៩លានដុល្លារអាមេរិកជាប់នឹងខ្លួន នៅពេលលោកចាកចេញពីវិមានប្រធានាធិបតី ដោយនិយាយថា វាជាការនិយាយឡើងដោយគ្មានមូលដ្ឋាន និងជាការកុហក។ នៅក្នុងសេចក្ដីថ្លែងការណ៍ជាវីដេអូដំបូងបន្ទាប់ពីបង្ហាញមុខនៅអារ៉ាប់រួម លោក Ghani បានផ្តល់ការគាំទ្រដល់កិច្ចចរចាបន្តដោយអតីតប្រធានាធិបតី Hamid Karzai និងអ្នកចរចាសន្តិភាពជាន់ខ្ពស់ Abdullah Abdullah ជាមួយពួកតាលីបង់។
លោកថា ខ្ញុំចង់ផ្ទេរអំណាចទៅឱ្យពួកតាលីបង់ដោយសន្តិវិធី ប៉ុន្តែខ្ញុំត្រូវបានបណ្ដេញចេញពីអាហ្វហ្គានីស្ថានដែលជាការប្រឆាំងនឹងឆន្ទៈរបស់ខ្ញុំ។ “ខ្ញុំត្រូវបានគេប្រាប់ថា ពួកតាលីបង់នៅក្នុងរដ្ឋធានីកាប៊ុល…មានកិច្ចព្រមព្រៀងមួយថា តាលីបង់នឹងមិនចូលរដ្ឋធានីកាប៊ុលទេ។ ប៉ុន្តែពួកគេបានវាយលុកចូលរួចទៅហើយ។ ខ្ញុំមិនចង់ត្រូវគេព្យួរកទេ ព្រោះក្នុងនាមខ្ញុំជាប្រធានាធិបតី ខ្ញុំជាកិត្តិយសរបស់អាហ្វហ្គានីស្ថាន។ ខ្ញុំមិនខ្លាចស្លាប់ទេ”៕
អត្ថបទ៖ សុខមាន