
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃចន្ទ (ទី២៤ ខែមិថុនា) នេះ បាននិយាយថា រុស្ស៊ីដែលជាប្រទេសនុយក្លេអ៊ែរដ៏ធំជាងគេបំផុតរបស់ពិភពលោក បានចាប់ផ្តើមធ្វើបច្ចុប្បន្នភាពគោលគោលការណ៍នុយក្លេអ៊ែររបស់ខ្លួន។
នៅឯសន្និសីទសារព័ត៌មាន ដោយមិនបានបញ្ជាក់អ្វីលម្អិតនោះ លោក Peskov បានប្រាប់ថា៖ «លោកប្រធានាធិបតី Vladimir Putin បាននិយាយថា ការងារកំពុងតែដំណើរការ ដើម្បីនាំយកគោលការណ៍នេះឲ្យស្របនឹងការពិតបច្ចុប្បន្ន»។
សមាជិកជាន់ខ្ពស់នៃសភារុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងមូស្គូអាចកាត់បន្ថយពេលវេលាធ្វើការសម្រេចចិត្តដែលមានចែងក្នុងគោលនយោបាយផ្លូវការ ដើម្បីឲ្យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនជឿថា ការគំរាមកំហែងកំពុងកើនឡើង។
កាលពីខែមុន លោក ពូទីន បានប្រាប់ថា រុស្ស៊ីអាចនឹងផ្លាស់ប្តូរគោលការណ៍នុយក្លេអ៊ែរផ្លូវការរបស់ខ្លួន ដោយកំណត់លក្ខខណ្ឌដែលអាវុធបែបនេះអាចប្រើប្រាស់បាន។
គួបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែនបានបង្កឲ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុត រវាងរុស្ស៊ី និងលោកខាងលិច គិតចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២៕