ការវាយប្រហារភេរវកម្មកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះនៅសាធារណរដ្ឋដាគីស្ថាន(Dagestan) ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់បានបង្ហាញពីការលំបាកកាន់តែខ្លាំងរបស់រុស្ស៊ីក្នុងការគ្រប់គ្រងការកើនឡើងនៃភេរវករអ៊ីស្លាមនៅក្នុងប្រទេស ខណៈកងកម្លាំងសន្តិសុខរបស់ខ្លួនកំពុងចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែន។

ការវាយប្រហារដោយក្រុមខ្មាន់កាំភ្លើងបួននាក់នៅក្នុងរដ្ឋធានី ម៉ាខាឆ្កាឡា(Makhachkala) របស់ សាធារណរដ្ឋ ដាគីស្ថាន (Dagestan) និងពីរនាក់នៅក្នុងទីក្រុងមាត់សមុទ្រឌើបិនធ៍ (Derbent) ។យ៉ាងហោចណាស់មានមន្ត្រីនគរបាលចំនួន១៥នាក់ ក្នុងចំណោមអ្នកស្លាប់ទាំង២០នាក់រួមទាំងជនស៊ីវិល ហើយខ្មាន់វាយប្រហារក៏បានដុតបំផ្លាញវិហាជ្វីហ្វ និងដុតព្រះវិហារគ្រិស្តសាសនាអូតូដុកមួយ ជាសកម្មភាពធ្វើឲ្យក្រុមមន្ត្រីរុស្ស៊ីមានការព្រួយបារម្ភយ៉ាងច្បាស់ថា អាចនាំឱ្យមានការកើនឡើងនៃអំពើហិង្សាជាអន្តរហិង្សាបង្កឡើងដោយជនជាតិភាគតិចនៅក្នុងប្រទេស។

តំបន់សំបូរដោយពលរដ្ឋមូស្លីមរស់នៅភាគច្រើននៅតំបន់ កូកាស(Caucasus)ខាងជើង នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី គឺជាតំបន់តានតឹងបំផុតមួយរបស់ប្រទេសនេះ ហើយភាពចលាចលក្នុងសង្គម និងអំពើហិង្សាកើនឡើងនៅទីនោះ អាចបង្ហាញថាវិមានក្រឹមឡាំង កំពុងតស៊ូដើម្បីរក្សាសណ្តាប់ធ្នាប់នៅក្នុងប្រទេស ខណៈ លោក Vladimir Putin ផ្ដោតលើជម្លោះនៅអ៊ុយក្រែន និងខាងលិច។
សោកនាដកម្មនេះ បានកើតឡើងប៉ុន្មានខែ ក្រោយការវាយប្រហារសាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូ ជាទីដែលក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម បានសម្លាប់មនុស្សចំនួន១៤៥នាក់៕
