ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានចោទប្រកាន់សហរដ្ឋអាមេរិក ពីការចូលរួមដោយផ្ទាល់ នៅក្នុងការវាយប្រហារដ៏បង្ហូរឈាម កាលពីថ្ងៃអាទិត្យ លើទីក្រុង Sevastopol នៅតំបន់គ្រីម៉េ។

ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃច័ន្ទ លោក Nebenzia បាននិយាយថា អ៊ុយក្រែន បានបាញ់មីស៊ីល ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក បណ្តាលឱ្យមនុស្ស៥នាក់ស្លាប់ ក្នុងនោះមានកុមារពីរនាក់ និងរងរបួសមនុស្សជាង ១៥០នាក់ ផ្សេងទៀត។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា មីស៊ីលចំនួនបួនគ្រាប់នៃប្រព័ន្ធមីស៊ីលតាកទិករបស់កងទ័ព (ATACMS) ដែលផ្តល់ដោយសហរដ្ឋអាមេរិក មានបំពាក់ដោយក្បាលគ្រាប់ចង្កោម ត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែនអាកាស ហើយគ្រាប់មួយចំនួន បានផ្ទុះនៅលើអាកាស។
អាជ្ញាធរ ដែលលើកបន្តុបដោយរុស្ស៊ី នៅតំបន់គ្រីម៉េ បាននិយាយថា បំណែកមីស៊ីល បានធ្លាក់នៅក្បែរឆ្នេរមួយមួយកន្លែងនៅភាគខាងជើងទីក្រុង Sevastopol ដែលអ្នកស្រុកកំពុងសម្រាកវិស្សមកាល។
លោក Nebenzia បានថ្កោលទោសចំពោះកង្វះការឆ្លើយតបពីលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដោយហៅថា ជាគំរូនៃស្តង់ដារពីរ។
លោក Nebenzia បានបញ្ជាក់ថា សហព័ន្ធរុស្ស៊ី នឹងចាត់វិធានការដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនេះ ហើយបាននិយាយថា សកម្មភាពនាពេលថ្មីៗនេះរបស់ប្រទេសលោកខាងលិច អាចនាំឱ្យមានការរីកធំជម្លោះបន្ថែមទៀត។