ភ្នំពេញ ៖ ប្រធានរាជបណ្ឌិតសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចំអកដល់ជនអគតិមួយក្តាប់តូច ជាពិសេសគឺក្រុមប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស ដោយបានសម្តែងសេចក្តីត្រេកអរ និងសប្បាយចិត្ត ក្រោយពីសមាជិកសភាអាមេរិកមួយចំនួនតូចបានអនុម័ត សេចក្តីស្នើច្បាប់ ស្តីពី ប្រជាធិបតេយ្យនៅកម្ពុជា ក្នុងគោលបំណងដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា កាលពីកន្លងទៅនោះ។
ថ្លែងនៅក្នុងកម្មវិធីនៃកិច្ចពិភាក្សាតុមូលស្ដីពី «កម្ពុជានៅចន្លោះមហាអំណាចចិន និងសហរដ្ឋអាមេរិក» នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ ទូច បានលើកឡើងថា ឯកឧត្តម ហួសចិត្តចំពោះបងប្អូនខ្មែរយើងមួយចំនួនតួច ជាពិសេសអ្នកដែលនៅក្រៅប្រទេសនោះ គឺគាត់បានសប្បាយចិត្ត បន្ទាប់ឃើញភាគីអាមេរិក ដាក់គំនាបមកប្រទេសកម្ពុជា ហើយថា ការលើកឡើងរបស់ជនអគតិទាំងនោះ មិនបានឆ្លុះបញ្ចាំងថាពួកគេស្រលាញ់ប្រជាជន និងជាតិសាសន៍ខ្លួនឯងនោះឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅនេះ សមាជិកសភាមួយចំនួនតូច ដែលមានលោក ថេត យូហូ (Ted Yoho) ជាមេផ្តើមគំនិតបានតាក់តែងច្បាប់ស្តីពី ប្រជាធិបតេយ្យនៅកម្ពុជានេះដោយមានគោលបំណងបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាល មន្ត្រីយោធា និងមន្ត្រីសន្តិសុខ ដោយពួកគេទាំងនោះ បានចោទកម្ពុជាថា បានធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាជាដើម។
ទោះជាយ៉ាងណាក៏ដោយឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា ទង្វើរបស់បងប្អូនខ្មែរយើងដែលនៅក្រៅប្រទេស ហើយបានគាំទ្រចំពោះបរទេសដាក់គំនាបមកខ្មែរខ្លួនឯងនេះគឺជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពួកគេ ខណៈឯកឧត្តម មើលឃើញការដឹកនាំនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន បានកំពុងឆ្ពោះទៅរកភាពរីកចំរើនកាន់តែខ្លាំង ហើយបានចាត់ទុកសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា «ជាបុរស៥» មានភាពឆ្លាតវៃ និងអត់ធ្មត់ក្នុងការដឹកនាំប្រទេសជាដើមនោះ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «កម្ពុជានៅចន្លោះមហាអំណាចចិននិងសហរដ្ឋអាមេរិក» នេះគឺមានវាគ្មិនជាច្រើនបានចូលរួម ដោយបានឆ្លើយឆ្លងពិភាក្សាគ្នាទាក់ទងនឹងកិច្ចការបរទេសរវាងកម្ពុជា និងអន្តរជាតិ ជាពិសេសស្ថានការណ៍នាពេលបច្ចុប្បន្នជាដើមនោះ៕
អត្ថបទបាន ចក់

