សហភាពអឺរ៉ុប នឹងបើកកិច្ចចរចាសមាជិកភាពជាមួយអ៊ុយក្រែន នៅថ្ងៃអង្គារ (២៥ មិថុនា) នេះ ដោយផ្តល់ឱ្យប្រទេសនេះនូវការជំរុញផ្នែកនយោបាយនៅចំកណ្តាលនៃសង្រ្គាមប្រឆាំងនឹងប្រតិបត្តិការយោធារបស់រុស្ស៊ី បើទោះបីជាផ្លូវដ៏វែងឆ្ងាយ និងលំបាកនៅតែមាននៅខាងមុខ មុនពេលដែលខ្លួនអាចចូលរួមក្នុងប្លុកនេះបាន។

ពិធីនៅប្រទេសលុចសំបួរ នឹងមានលក្ខណៈជានិមិត្តរូបច្រើនជាងការចរចារដ៏តឹងរ៉ឹង ដែលនឹងចាប់ផ្តើមដោយចិត្តស្ម័គ្រលុះត្រាតែសហភាពអឺរ៉ុប បានពិនិត្យឡើងវិញនូវច្បាប់របស់អ៊ុយក្រែន ដើម្បីវាយតម្លៃកំណែទម្រង់ទាំងអស់ដែលត្រូវការដើម្បីបំពេញតាមស្តង់ដាររបស់ប្លុក។

ប៉ុន្តែដោយធ្វើការចាប់ផ្តើមនៃកិច្ចចរចាជាមួយអ៊ុយក្រែន រួមជាមួយប្រទេសជិតខាង ម៉ុលដាវី នៅពេលបន្ទាប់ សហភាពអឺរ៉ុប កំពុងផ្តល់សញ្ញាថាប្រទេសទាំងពីរនេះកំពុងស្ថិតនៅលើផ្លូវចាកឆ្ងាយពីឥទ្ធិពលរុស្ស៊ី និងឆ្ពោះទៅរកការធ្វើសមាហរណកម្មកាន់តែច្រើនជាមួយលោកខាងលិច។
ដំណើរទៅកាន់សមាជិកភាពសហភាពអឺរ៉ុប គឺមិនងាយស្រួលទេសម្រាប់ប្រទេសបេក្ខភាព ដោយសារពួកគេត្រូវតែធ្វើកំណែទម្រង់ដើម្បីបំពេញតាមស្តង់ដារសហភាពអឺរ៉ុប លើបញ្ហាជាច្រើនរាប់ចាប់ពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមរយៈការធ្វើនិយតកម្មកសិកម្ម រហូតដល់ការចុះសម្រុងគ្នានៃច្បាប់គយ។
ប៉ុន្តែសង្រ្គាម បានបន្ថែមស្រទាប់នៃបញ្ហាប្រឈមដ៏ធំមួយសម្រាប់ទាំងទីក្រុងគីវ និងទីក្រុងព្រុចសែល ដោយបង្កើតនូវសំណួរដែលមិនចង់ឆ្លើយនៅពេលនេះ ដូចជាថាតើអ៊ុយក្រែនអាចចូលរួមបានដែរឬទេ ប្រសិនបើផ្នែកមួយនៃទឹកដីរបស់ខ្លួននៅតែត្រូវបានកាន់កាប់ដោយកងកម្លាំងរុស្ស៊ី៕
