រដ្ឋាភិបាលនៃរដ្ឋ វីកតូរៀ (Victoria) របស់ប្រទេសអូស្ត្រាលី បាននិយាយនៅថ្ងៃអង្គារ (២៥ មិថុនា) នេះថា មេរោគផ្តាសាយបក្សីដែលបង្កជំងឺខ្លាំង បានរីករាលដាលដល់កសិដ្ឋានចិញ្ចឹមបសុបក្សីទីប្រាំបីនៅជិតទីក្រុងមែលប៊ន (Melbourne) ដោយធ្វើឱ្យចំនួនទីតាំងឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ១០ កន្លែង។

អូស្ត្រាលី កំពុងដោះស្រាយការផ្ទុះជំងឺផ្ដាសាយបក្សីស្របគ្នាចំនួនបីករណី ដោយពីរករណីនៅជិតទីក្រុងមែលប៊ន និងមួយទៀតនៅក្បែរទីក្រុងស៊ីដនី។ មេរោគនីមួយៗជាប់ពាក់ព័ន្ធនឹងប្រភេទវីរុសផ្សេងៗគ្នា ប៉ុន្តែមិនមែនជាប្រភេទ H5N1 ដែលបានឆ្លងតាមរយៈបក្សី និងថនិកសត្វ ហើយអាចឆ្លងដល់មនុស្សជុំវិញពិភពលោកនោះទេ។

អាជ្ញាធររដ្ឋ វីកតូរៀ បាននិយាយថា ការឆ្លងថ្មីនេះគឺស្ថិតនៅក្នុងតំបន់ដាក់ដាច់ដោយឡែកមួយ (តំបន់ចត្តាឡីស័ក្ដ) ដែលបានបង្កើតឡើងរួចទៅហើយនៅជុំវិញកសិដ្ឋានដែលរងផលប៉ះពាល់ ដូច្នេះហើយគេមិននឹកស្មានថាអាចឆ្លងដល់នោះទេ។ ជំងឺផ្តាសាយភាគច្រើនបានវាយប្រហារកសិដ្ឋានចិញ្ចឹមបក្សីយកស៊ុត ហើយសត្វស្លាបប្រហែល ១,៥ លានក្បាលត្រូវបាន ឬនឹងត្រូវសម្លាប់ ដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគ។ រហូតមកដល់ពេលនេះមិនមានកង្វះស៊ុតនៅក្នុងហាងលក់ទំនិញទេ។
ជំងឺផ្តាសាយបក្សីរាលដាលពីសត្វស្លាបព្រៃចម្លងដល់សត្វចិញ្ចឹម។ យោងតាមរដ្ឋាភិបាលបានឱ្យដឹងថា ការឆ្លងឆ្នាំ២០២៤ គឺជាការផ្ទុះឡើងលើកទី១០ នៅអូស្ត្រាលី ចាប់តាំងពីឆ្នាំ១៩៧៦ មក ហើយមេរោគនីមួយៗត្រូវបានទប់ស្កាត់ និងលុបបំបាត់៕