ក្រុមមេធាវីរបស់លោក ហាន់ធឺ បៃដិន (Hunter Biden) ដែលជាកូនប្រុសរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃចន្ទ (២៤ មិថុនា) ថា ការកាត់ក្តីរបស់លោកលើការចោទប្រកាន់សហព័ន្ធពាក់ព័ន្ធនឹងកាំភ្លើង បានដំណើរការមុនកាលកំណត់នៅដើមខែនេះ ហើយត្រូវតែធ្វើឡើងម្តងទៀត។

លោក ហាន់ធឺ បៃដិន បានក្លាយជាកូនប្រធានាធិបតីកំពុងកាន់តំណែងដំបូងគេ ដែលត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌកាលពីថ្ងៃទី១១ ខែមិថុនា បន្ទាប់ពីគណៈវិនិច្ឆ័យបានរកឃើញថាលោកមានទោសលើការចោទប្រកាន់ទាំងបីករណី ទាក់ទងនឹងការកុហកពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅពេលដែលលោកបានទិញកាំភ្លើងខ្លីក្នុងឆ្នាំ២០១៨។

ក្រុមមេធាវីរបស់លោក ហាន់ធឺ បាននិយាយនៅក្នុងឯកសារតុលាការកាលពីថ្ងៃចន្ទថា លោកមានសិទ្ធិទទួលបានការកាត់ក្តីថ្មី ដោយសារតែតុលាការឧទ្ធរណ៍សហព័ន្ធមិនបានផ្តល់ការយល់ព្រមជាផ្លូវការដល់តុលាការដើម្បីដំណើរការ បន្ទាប់ពីបានច្រានចោលបណ្តឹងឧទ្ធរណ៍របស់លោក។
គណៈវិនិច្ឆ័យនៅទីក្រុង វីលមីងតុន (Wilmington) រដ្ឋ ដេឡាវែរ (Delaware) បានផ្តន្ទាទោសលោក ហាន់ធឺ ពីបទកុហកនៅលើឯកសារពិនិត្យប្រវត្តិ នៅពេលទិញកាំភ្លើងខ្លីក្នុងខែតុលា ឆ្នាំ២០១៨ ហើយបន្ទាប់មកកាន់កាប់កាំភ្លើងនោះដោយខុសច្បាប់រយៈពេលពីរសប្តាហ៍។ លោក ហាន់ធឺ បានបដិសេធថាមិនបានធ្វើខុសអ្វីនោះតេ ហើយក្រុមមេធាវីបាននិយាយថា លោកនឹងប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសនេះ៕