មេដឹកនាំសហភាពអឺរ៉ុប មានផែនការដាក់បន្ថែមពន្ធបណ្តោះអាសន្នលើរថយន្តអគ្គិសនី នាំចូលពីប្រទេសចិន ដើម្បីការពារក្រុមហ៊ុនផលិតរថយន្តផ្ទាល់ខ្លួនរបស់ពួកគេ។ ទោះជាយ៉ាងណា ក្រុមមេដឹកនាំ បាននិយាយកាលពីថ្ងៃចន្ទថា ទ្វារបើកចំហសម្រាប់ការពិភាក្សា ហើយពួកគេ មានផែនការពិភាក្សានៅពេលណាមួយ ក្នុងសប្តាហ៍នេះ។

មន្ត្រីគណៈកម្មការអឺរ៉ុប បានយកពន្ធ ១០ ភាគរយរួចហើយលើរថយន្តអគ្គិសនីដែលនាំចូលទាំងអស់។ ពួកគេ បានប្រកាសកាលពីដើមខែនេះថា នឹងដាក់ពន្ធបន្ថែមលើរថយន្តមកពីប្រទេសចិន រហូតដល់ ៣៨,១ភាគរយ។ ក្រុមមន្ត្រី កំពុងធ្វើការស៊ើបអង្កេតលើការឧបត្ថម្ភធនរបស់រដ្ឋ សម្រាប់រថយន្ត និងបាននិយាយថា ការផ្តល់ជំនួយបែបនេះគឺ អយុត្តិធម៌។

ក្រុមមន្ត្រីបាននិយាយថា ពួកគេកំពុងស្វែងរក «ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព» ក្នុងការពិភាក្សា ដែលនឹងធ្វើឡើងនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។ ទោះជាយ៉ាងណា ប្រសិនបើពួកគេពុំអាចស្វែងរកបានដំណោះស្រាយ នោះ ការពិន័យនឹងត្រូវកំណត់ចូលជាធរមាន នៅដើមខែក្រោយ។ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុងប៊ែកឡាំង ថា លោកត្រូវតែមើលឃើញ ពីសកម្មភាព និងវឌ្ឍនភាពច្បាស់លាស់ ពីភាគីប្រទេសចិន។

មន្ត្រីមកពីក្រសួងពាណិជ្ជកម្មចិននិយាយថា ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការសហការ ហើយពួកគេជឿថា អត្រាពន្ធរបស់សហភាពអឺរ៉ុប គឺជា «ការដាក់ទណ្ឌកម្ម»។ អ្នកនាំពាក្យក្រសួង និយាយថា ការអនុវត្តន៍ដែលពាក់ព័ន្ធ ធ្វើឡើងដោយភាគីសហភាពអឺរ៉ុប ខ្វះមូលដ្ឋានជាក់ស្តែង និងផ្លូវច្បាប់ មិនគោរពច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO) និងធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងដោយយុត្តិធម៌ ការផ្លាស់ប្តូរថាមពលបៃតងជាសកល និងកិច្ចសហប្រតិបត្តិការដោយបើកចំហ។
កាលពីខែមុន មន្ត្រីនៅក្នុងរដ្ឋបាល របស់លោក Biden បានប្រកាសថា ពួកគេនឹងដំឡើងពន្ធបួនដងលើរថយន្តអគ្គិសនី(EV) ដែលផលិតនៅក្នុងប្រទេសចិនដល់ ១០០ភាគរយ។
អ្នកវិភាគ និយាយថា អ្នកចរចារបស់ប្រទេសចិន នឹងចាំបាច់ត្រូវមានឆន្ទៈ ក្នុងការផ្តល់សម្បទានសំខាន់ៗ នៅពេលពួកគេទៅកាន់តុពិភាក្សា នៅសហភាពអឺរ៉ុប។