ភ្នំពេញ៖ បន្ទាប់ពីការអនុវត្តកម្មវិធី Think! Think! បង្រៀនកុមារតូចៗតាមប្រព័ន្ធអេឡិចត្រូនិក តាមបណ្តាសាលារៀនចំនួន៨ ទទួលបានជោគជ័យ នៅពេលនេះ ក្រសួងអប់រំយុវជន និងកីឡា ក្រោមជំនួយឧបត្ថម្ភពីអង្គការចៃកាជប៉ុនប្រចាំនៅកម្ពុជា បានជំរុញក្រុមហ៊ុនWonder Lab ប្រទេសជប៉ុន និងក្រុមហ៊ុន Koompi របស់កូនខែ្មរ បង្កើនការបង្កើតថ្នាក់ Think! Think! នៅតាមបណ្តាសាលារៀនកម្រិតថ្នាក់បឋមសិក្សានានាទៀត ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សកម្រិតមូលដ្ឋានអោយមានគុណភាព។
នៅក្នុងពិធីបូកសរុបលទ្ធផលការងារ និងចុះហត្ថលេខាភាពដៃគូផ្លូវការរវាង Koompi និង Think! Think! ថ្ងៃទី២៩ ខែកញ្ញានេះ លោក សុខ ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យា និងព័ត៌មានវិទ្យាក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា បន្ទាប់ពីអនុវត្តសាកល្បងបានជោគជ័យ នូវការផ្តល់បង្កើតថ្នាក់Think! Think! សម្រាប់បង្ហាត់បង្រៀនគណិតវិទ្យា និងមេរៀននានាទៀតជូនសិស្សានុសិស្សនៅកម្រិតបឋមសិក្សាទទួលបានជោគជ័យ នៅពេលនេះ ក្រសួងអប់រំក៏មានគម្រោងបង្កើតថ្នាក់Think! Think!នេះ អោយច្រើនកន្លែងថែមទៀត ដើម្បីជម្រុញបង្កើតភាពទាក់ទាញ និងការបង្ហាត់បង្រៀនសិស្សានុសិស្សអោយមានគុណភាពល្អ។
បើតាមលោកស្រី ណៅកូ អ៊ីដិ តំណាងអង្គការចៃកាប្រចាំនៅកម្ពុជាបានថ្លែងថា នៅក្នុងគម្រោងបង្កើតថ្នាក់Think! Think ក្រោមជំនួយថវិការដ្ឋាភិបាលជប៉ុនប្រមាណជាង១លានដុល្លារអាមេរិកនេះ គឺយើងនឹងបញ្ចូលកម្មវិធីសិក្សាThink! Think! នៅក្នុងសាលារៀនដែលមានបន្ទប់ថ្នាក់រៀនដែលមានកុំព្យូទ័រស្រាប់ និងផ្តល់ការបណ្តុះបណ្តាលគ្រូបង្រៀនសម្រាប់បង្រៀនសិស្សផងដែរ។
លោកស្រី Naoko Ide បន្តថា តាមរយៈគម្រោងនេះអាចជំរុញលើកទឹកចិត្តសិស្សអោយសិក្សានៅផ្ទះក្នុងកំឡុងពេលមានជំងឺរាតត្បាតCOVID-19 ហើយJICAនឹងសហការជាមួយក្រសួងអប់រំ បន្តផ្តល់ជូនមេរៀនThink!Think! តាមអ៊ិនធឺរណែតហ្វេសប៊ុក ផេកផ្លូវការក្រសួងអប់រំ ហើយត្រូវបានផ្សព្វផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ជាតិលេខពីរផងដែរ។
បើតាមការបញ្ជាក់ពីលោក Diaki Watanabe នាយកក្រុមហ៊ុន Wonder Lab បានថ្លែងថា បច្ចុប្បន្នThink! Think! ដាក់អនុវត្តផ្តល់ការបង្រៀនសិស្សប្រព័ន្ធកុំព្យូទ័រ និងTablet បានចំនួន៨សាលា រួមមាន៖ ខេត្តសៀមរាប មាន២សាលា កំពង់ចាម២សាលា កណ្តាល១សាលា ភ្នំពេញ១សាលា ស្វាយរៀង១សាលា និងខេត្តព្រៃវែង១សាលា និងបណ្តាសាលារៀនឯកជនជាច្រើនទៀត និងមានសិស្សានុសិស្សកម្រិតបឋមប្រមាណជាង២ម៉ឺននាក់ បានទទួលការរៀនសូត្រ៕ អត្ថបទ៖ ស៊ុម សុខជា
