គ្រឹះស្ថានសិក្សារដ្ឋមួយចំនួន ក្នុងបរិបទថ្មីនៃវិស័យអប់រំនេះ បានបោះជំហានទៅមុខ ដោយផ្លាស់ប្ដូរ ពីការសិក្សាជាទម្លាប់តែមួយវេន ទៅសិក្សាបែបថ្មីពេញមួយថ្ងៃ។ ការចាប់ផ្ដើមនេះ កំពុងអនុវត្តនៅសាលារៀនរដ្ឋមួយចំនួន ដែលមានភូមិសាស្ត្រនៅរាជធានីភ្នំពេញ ក៏ដូចជាសាលាមួយចំនួននៅតាមបណ្ដាខេត្តដោយអនុវត្តការបង្រៀន និងរៀនពេញមួយថ្ងៃ រយៈពេល ៨ម៉ោង។
អ្នកគ្រូ ហុក សាត នាយិកា បឋមសិក្សាព្រៃស្ពឺ លើកឡើងថា ការសិក្សាពេញមួយថ្ងៃនេះ បច្ចុប្បន្នសម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ គឺសាលាបឋមសិក្សាចំនួន ៩ទីតាំងកំពុងចាប់ផ្ដើមអនុវត្តផងដែរ។ ការចាប់ផ្ដើមក្នុងដំណាក់កាលដំបូងនេះ សាលាភាគច្រើនពុំទាន់អាចអនុវត្តពេញលេញ បានគ្រប់ថ្នាក់រៀននោះទេ។ សម្រាប់សាលាបឋមសិក្សា ព្រៃស្ពឺ ក្នុងភូមិសាស្ត្រខណ្ឌ ពោធិ៍សែនជ័យ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤នេះ ក៏បានចាប់ផ្ដើមការបង្រៀនពេញមួយថ្ងៃផងដែរ។ ការចាប់ផ្ដើមដំបូង គឺអនុវត្តបានសម្រាប់សិស្ស ២ថ្នាក់ គឺសិស្សថ្នាក់ទី ៤ និងសិស្សថ្នាក់ទី ៥ ដែលមានសិស្សសរុបប្រមាណជិត ១០០នាក់។
អ្នកគ្រូនាយិកាបន្តថាការចាប់ផ្ដើមដំបូងនេះ មានការគាំទ្រពីអាណាព្យាបាលសិស្ស ក្នុងការបង់បដិភាគជាថវិកា ៥ម៉ឺនរៀល ជាប្រចាំខែ។ ថវិកានេះ គឺដើម្បីគាំទ្រផ្ដល់ជូនគ្រូបង្រៀន ក៏ដូចជាទិញសម្ភារបន្ថែមសម្រាប់បម្រើដល់ការរៀននិងបង្រៀន។ ការសិក្សាថែមមួយវេននេះ ផ្តោតលើមុខវិជ្ជាខ្មែរ គណិតវិទ្យា ភាសាអង់គ្លេស និងកំព្យូទ័រផងដែរ។ ជាគោលដៅទៅមុខ សាលានឹងពង្រីកការសិក្សាពេញមួយថ្ងៃ សម្រាប់សិស្សថ្នាក់ផ្សេងទៀត។
ចំពោះការសិក្សាពេញមួយថ្ងៃនេះ សម្រាប់សិស្ស ក៏សប្បាយចិត្ត នឹងការសិក្សាផងដែរ។ ពួកគេសប្បាយចិត្ត ដោយបានរៀនកាន់តែច្រើន ពិសេសបានរៀនកំព្យូទ័រ និងភាសាអង់គ្លេសបន្ថែម។ ពួកគេកត់សម្គាល់ដែរថា រយៈពេលប៉ុន្មានខែ ដែលបានរៀនពេញមួយថ្ងៃនេះ គឺពួកគេចេះដឹងច្រើនជាងមុន។
ការចាប់ផ្ដើមសិក្សាពេញមួយថ្ងៃនេះ សម្រាប់អ្នកគ្រូ សុទ្ធ ធីតា ជាគ្រូទទួលបន្ទុកការបង្រៀនពេញមួយថ្ងៃ ក៏បានមើលឃើញពីការអភិវឌ្ឍន៍របស់សិស្សផងដែរ។ អ្នកគ្រូមើលឃើញពីលទ្ធផលសិស្សមានភាពប្រសើរច្រើនជាងមុន ពិសេស ចាប់ផ្ដើមស្វែងយល់ពីបច្ចេកវិទ្យាកំព្យូទ័រ ក៏ដូចជាភាសាអង់គ្លេស។
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នាពេលកន្លងមកនេះ បានបញ្ជាក់ដែរថា បច្ចុប្បន្ន នៅទូទាំងប្រទេស គឺសាលារៀនចំនួន ២០ កំពុងសាកល្បងដំណើរការការសិក្សាពេញមួយថ្ងៃ៕ អត្ថបទ៖ គឹមហុក







