រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃអង្គារ (២៥ មិថុនា) នេះ បានបញ្ជាឱ្យមានការត្រួតពិនិត្យសុវត្ថិភាពជាបន្ទាន់នៅទីតាំងឧស្សាហកម្មនានាដែលមានហានិភ័យខ្ពស់ មួយថ្ងៃបន្ទាប់ពីអគ្គិភ័យនៅរោងចក្រផលិតអាគុយមានសារធាតុលីចូម បានសម្លាប់កម្មករ ២២ នាក់ និងមនុស្សម្នាក់នៅតែបន្តបាត់ខ្លួន។

ក្រុមមន្ត្រីមកពីភ្នាក់ងារជាច្រើន រួមទាំងសេវាកោសល្យវិច្ច័យជាតិ នគរបាល និងនាយកដ្ឋានពន្លត់អគ្គិភ័យ បានចូលទៅក្នុងរោងចក្រនេះ ជាផ្នែកមួយនៃការស៊ើបអង្កេតរួមគ្នា។ មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា អគ្គិភ័យដែលបានឆាបឆេះនៅខាងក្នុងឃ្លាំងមួយកន្លែងដែលមានអាគុយលីចូមចំនួន ៣៥.០០០ គ្រឿង បានបង្កើតជាផ្សែងពុល ហើយកម្មករទំនងជាបាត់បង់ស្មារតី និងស្លាប់ក្នុងរយៈពេលប៉ុន្មានវិនាទី។

អគ្គិភ័យនេះគឺជាឧបទ្ទវហេតុឧស្សាហកម្មចុងក្រោយបង្អស់ នៅក្នុងប្រទេសដែលកម្មកររោងចក្ររាប់សិបនាក់បាត់បង់ជីវិតលើការងារជារៀងរាល់ឆ្នាំ បើទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតដើម្បីកែលម្អសុវត្ថិភាពនៅកន្លែងធ្វើការក៏ដោយ។
កម្មករ ១៧ នាក់ក្នុងចំណោមកម្មករ ២២ នាក់ដែលបានស្លាប់នោះជាជនជាតិចិន និងម្នាក់ជាជនជាតិឡាវ។ ពួកគេភាគច្រើនត្រូវបានជួលឱ្យធ្វើការជាបណ្ដោះអាសន្ននៅរោងចក្រវេចខ្ចប់អាគុយលីចូមមួយនោះ ដែលដំណើរការដោយក្រុមហ៊ុន អារីសែល (Aricell) ដែលមិនចុះបញ្ជី។ រោងចក្រនេះស្ថិតនៅក្នុងទីក្រុង ហ្វាសុង (Hwaseong) ដែលជាតំបន់ចង្កោមឧស្សាហកម្មនៅភាគនិរតីនៃរដ្ឋធានីសេអ៊ូល៕