វាយកូនបាល់៖ កីឡាករវាយកូនបាល់អូទ្រីស Dominic Thiem នឹងអវត្តមានមិនបានការពារតំណែងជើងឯក Grand Slam, US Open ឆ្នាំនេះដោយសាររបួសកដៃ។ កីឡាករវ័យ ២៧ឆ្នាំរូបនេះក៏បានដកខ្លួនពីការប្រកួតនៅ Wimbledon ផងដែរនាពេលកន្លងទៅ និងមិនបានចូលរួមការប្រកួតណាមួយឡើយតាំងពីចុងក្រោយបំផុតប្រកួតនៅកម្មវិធី Mallorca Open កាលពីខែមិថុនា។

មិនតែប៉ុណ្ណោះ Dominic Thiem ក៏នឹងអវត្តមានរហូតដល់ដំណាច់រដូវកាល ២០២១ នេះតែម្តង នេះបើតាមការលើកឡើងរបស់កីឡាករអូទ្រីសរូបនេះ។ ព្រឹត្តិការណ៍ Grand Slam, US Open នឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែសីហានេះ។ រំលឹកថា US Open កាលពីឆ្នាំ២០២០ គឺជាជើងឯក Grand Slam លើកដំបូងសំរាប់ Dominic Thiem បន្ទាប់ពីតាមពីក្រោយ ២សិតវាយបកយកឈ្នះកីឡាករអាល្លឺម៉ង់ Alexander Zverev។ ក្រោយ Dominic Thiem ក៏បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ Australian Open ផងដែរកាលពីដើមឆ្នាំ២០២១ នេះតែចាញ់ Novak Djokovic នៅវគ្គផ្តាច់ព្រ័ត្រ។ ចំណែកកីឡាករស្វ៊ីស Roger Federer ក៏នឹងអវត្តមានពី US Open ឆ្នាំនេះផងដែរដោយសាររបួសជង្គង់៕
អត្ថបទ៖នាង សុភាវុធ