កំពង់ឆ្នាំង៖ នៅក្នុងទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋ និងយុវជននៅក្នុងខេត្តកំពង់ឆ្នាំង បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស ។
ប្រជាពលរដ្ឋ និងយុវជនបានអោយដឹងថា៖ នៅពេលបានឮប្រមុខរាជរដ្ឋាភិបាលមានវិធានការក្នុងការបង្រ្កាបគ្រឿងញៀន គឺប្រជាពលរដ្ឋ និងយុវជនសប្បាយចិត្ត និងគិតថាវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សង្គមជាតិ និងគ្រួសារ។ ដើម្បីឱ្យប្រទេសមួយស្អាតបាត គ្មានគ្រឿងញៀន យុវជនប្រកបដោយចំណេះដឹង គឺជាកត្តាមិនអាចខ្វះបានក្នុងការចូលរួមចំណែកធ្វើការអភិវឌ្ឍសង្គមជាតិ ។ ការចង់លុបបំបាត់គ្រឿងញៀន គឺជារឿងមួយដ៏ល្អ ធ្វើអោយប្រជាពលរដ្ឋ និងយុវជនទូទៅសប្បាយចិត្ត វាជារឿងមួយគួរកោតសរសើរ និងត្រឹមត្រូវ ហើយក្នុងនាមប្រជាពលរដ្ឋ និងយុវជនគឺគាំទ្រទាំងស្រុង។ គ្រឿងញៀននឹងបំផ្លាញអនាគតមនុស្ស មានគ្រឿងញៀននឹងធ្វើឱ្យសង្គមជាតិធ្លាក់ទៅរកភាពអន្តរាយដែលគួរចៀសឱ្យឆ្ងាយទាំងអស់គ្នា។ លើសពីនេះទៀត ប្រជាពលរដ្ឋ និងយុវជនបានកត់សម្គាល់ឃើញថា គ្រឿងញៀននាំឱ្យមានអំពើឆក់ប្លន់ កូនបំផ្លាញទ្រព្សសម្បត្តិឪពុកម្តាយ និងខ្លះឈានដល់សម្លាប់ឪពុកម្តាយយក ទ្រព្យសម្បត្តិថែមទៀត។
ការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេសនេះ គឺទទួលបានការគាំទ្រ និងការអបអរសាទររបស់ពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋានចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយក៏គ្មានអ្វីក្រៅពីការគាំទ្ររបស់បងប្អូនទៅលើបេសកកម្មប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យប្រកបដោយប្រសិទ្ធភាពនោះឡើយ៕ ដោយ ៖ កាំង ហុងវាស្នា













