អង្គភាពវាយតម្លៃហិរញ្ញវត្ថុ ម៉ូឌីស៍ រ៉េតធីងស៍ (Moody's Ratings) បាននិយាយនៅថ្ងៃអង្គារ (២៥ មិថុនា) នេះថា កង្វះខាតទឹកកាន់តែធ្ងន់ធ្ងររបស់ឥណ្ឌា ដែលបង្កឡើងដោយការប្រើប្រាស់ច្រើន ស្របពេលមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងគ្រោះមហន្តរាយធម្មជាតិញឹកញាប់ អាចជះផលអវិជ្ជមានដល់សមត្ថភាពនៃការធានារបស់រដ្ឋអាស៊ីខាងត្បូងមួយនេះ។

ប្រជាជនឥណ្ឌារាប់លាននាក់ប្រឈមនឹងកង្វះខាតទឹករៀងរាល់រដូវក្តៅ នៅពេលដែលតម្រូវការទឹកកើនឡើងនៅក្នុងកសិដ្ឋាន ការិយាល័យ និងលំនៅឋានប្រឆាំងនឹងការផ្គត់ផ្គង់មានកំណត់ ប៉ុន្តែរលកកម្ដៅដ៏អូសបន្លាយឆ្នាំនេះ បានធ្វើឱ្យកង្វះខាតកាន់តែធ្ងន់ធ្ងរឡើង រួមទាំងនៅទីក្រុងដេលី (Delhi) និងទីក្រុងមជ្ឈមណ្ឌលបច្ចេកវិទ្យាភាគខាងត្បូង បេនហ្កាលូរូ (Bengaluru)។

ស្ថាប័នវាយតម្លៃមួយនេះបាននិយាយថា «នេះគឺជាផលប៉ះពាល់ដល់កម្លាំងធានារបស់រដ្ឋ ក៏ដូចជាលើវិស័យដែលប្រើប្រាស់ទឹកយ៉ាងច្រើន ដូចជាម៉ាស៊ីនភ្លើងធ្យូងថ្ម និងរោងចក្រផលិតដែកជាដើម»។ យោងតាមក្រសួងធនធានទឹកបានឱ្យដឹងថា បរិមាណទឹកជាមធ្យមប្រចាំឆ្នាំរបស់ឥណ្ឌាក្នុងមនុស្សម្នាក់ ទំនងជានឹងធ្លាក់ចុះមកត្រឹម ១.៣៦៧ ម៉ែត្រគូបប៉ុណ្ណោះនៅត្រឹមឆ្នាំ២០៣១ ពីកម្រិតទាបរួចទៅហើយចំនួន ១.៤៨៦ ម៉ែត្រគូបនៅឆ្នាំ២០២១។
ទីភ្នាក់ងារ ម៉ូឌីស៍ បានបន្ថែមថា កំណើននៃភាពញឹកញាប់នៃការខ្វះខាតទឹក ភាពធ្ងន់ធ្ងរ ឬរយៈពេលនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដែលកើតចេញពីបម្រែបម្រួលអាកាសធាតុ នឹងធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ឡើង ដោយសារតែប្រទេសឥណ្ឌា ពឹងផ្អែកយ៉ាងខ្លាំងលើទឹកភ្លៀងមូសុងសម្រាប់ការផ្គត់ផ្គង់ទឹក៕