ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) កាលពីថ្ងៃចន្ទ បានអំពាវនាវដល់ដៃគូនានាឲ្យប្រយុទ្ធប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ដើម្បីឲ្យអង្គការនេះ ត្រូវបានរំលាយចោល ដោយសារខ្លួនផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សា និងនៅទូទាំងតំបន់នេះ ។

ប្រធាន UNRWA លោក Philippe Lazzarini បាននិយាយនៅក្នុងកិច្ចប្រជុំមួយនៃគណៈកម្មការប្រឹក្សា របស់ទីភ្នាក់ងារនេះ នៅទីក្រុងហ្សឺណែវថា៖«អ៊ីស្រាអែល បានរិះគន់អាណត្តិរបស់ទីភ្នាក់ងារនេះ យូរមក ហើយ។ ប៉ុន្តែឥឡូវនេះ ប្រទេសនេះ កំពុងប្រឹងប្រែង ដើម្បីការបញ្ចប់ប្រតិបត្តិការរបស់ UNRWA ដោយច្រានចោលនូវឋានៈរបស់ទីភ្នាក់ងារនេះថា ជាអង្គភាពរបស់អង្គការសហប្រជាជាតិដែលគាំទ្រដោយរដ្ឋសមាជិកភាគច្រើនលើសលប់»។

«ប្រសិនបើយើង មិនប្រឆាំងទេនោះ អង្គភាពនានារបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត នឹងក្លាយជាអ្នកបន្ទាប់ ដោយធ្វើឲ្យខូចប្រព័ន្ធពហុភាគីរបស់យើងថែមទៀត»។
លោក Lazzarini បាននិយាយថា ទីភ្នាក់ងារនេះ កំពុងទទួលរងនូវ«កិច្ចខិតខំប្រឹងប្រែងរួមគ្នា» ដើម្បី រុះ រើវា រួមទាំងតាមរយៈគំនិតផ្តួចផ្តើមនីតិប្បញ្ញត្តិដែលគំរាមកំហែងបណ្តេញទីភ្នាក់ងារចេញពីបរិវេណរបស់ខ្លួន និងចាត់ទុក UNRWA ជា អង្គការភេរវកម្ម។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអំពាវនាវជាច្រើនឆ្នាំមកហើយឲ្យUNRWA ត្រូវបានរុះរើ ដោយចោទប្រកាន់អង្គការនេះថា បានញុះញង់ឲ្យមានការប្រឆាំងនឹងអ៊ីស្រាអែល។ កាលពីខែមុន សភារបស់អ៊ីស្រាអែល បានអនុម័តសេចក្តីព្រាងច្បាប់មួយដែលមានគោលបំណងកំណត់ UNRWA ជាអង្គការភេរវកម្ម។