ភ្នំពេញ ៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៧ បានឆ្លុះបង្ហាញពីគម្រោង ICT TVET របស់ទីភ្នាក់ងារសហ- ប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅកម្ពុជាបានប្រព្រឹត្តទៅដោយជោគជ័យ នៃការចូលរួមលើកកម្ពស់វិស័យ TVET នៅកម្ពុជា។
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៧ ត្រូវបានបញ្ចប់ដោយភាពជោគជ័យ ដែលធ្វើឱ្យគម្រោង "Building Capacity and Establishing Enabling Environment in ICT Majors of TVET in Cambodia" ទទួលបាននូវការ ចាប់អារម្មណ៍ដ៏ច្រើន និងមានការគាំទ្រក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) សហការជា មួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT)។ ទិវាជាតិនេះ បានប្រព្រឹត្តឡើងនាពេលថ្មីៗនេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានចំនួនអ្នកចូលរួមយ៉ាងច្រើនកុះករ។ ក្នុងនោះអ្នកចូលរួម ដែលបានមកកាន់ស្ដង់ គម្រោងមួយនេះមានប្រមាណជា ៨៥០ នាក់ ដោយការចូលរួមនេះ បានជួយបំពេញន្ថែមនូវការយល់ដឹងអំពីវិស័យ TVET នៅ ប្រទេសកម្ពុជា ព្រមទាំងគោលដៅរបស់គម្រោងផងដែរ។ សកម្មភាពទាំងក្នុងនោះរួមមាន ការណែនាំអំពីសកម្មភាពគម្រោង ការ ចូលរួមឆ្លើយនូវកម្រងសំណួរខ្លីៗ និងការបង្ហោះរូបថតទៅក្នុងប្រព័ន្ធបណ្ដាញសង្គម គឺជាផ្នែកមួយជួយឲ្យអ្នកចូលរួមបានស្គាល់ ច្បាស់អំពីគម្រោង។ ព្រឹត្តិការណ៍នេះ បានឆ្លុះបង្ហាញនូវផលវិជ្ជមាន ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសកូរ៉េ និងកម្ពុជា។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងមោទនភាព គាំទ្ររបស់ KOICA ក្នុងការ លើកកម្ពស់វិស័យ TVET នៅកម្ពុជា។ ក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ដ្រី បានអញ្ជើញទស្សនាស្តង់គម្រោង ដើម្បីជាការលើកទឹក ចិត្ត និងបានបង្ហាញពីសារៈសំខាន់នៃការចែករំលែកពាក់ព័ន្ធ នឹងគម្រោង ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ សម្រាប់ ការអភិវឌ្ឍន៍របស់កម្ពុជានាថ្ងៃមុខ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណទៅកាន់ KOICA តាមរយៈការផ្ដល់កិត្តិយសប្រគល់ជូននូវ លិខិតថ្លែងអំណរគុណ និងជូនពរឱ្យមានការបន្តនូវកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពផ្នែកបច្ចេកវិទ្យារវាងប្រទេសកូរ៉េ និងកម្ពុជា តទៅមុខទៀត។
ជុំវិញទិវាជាតិខាងលើនេះ, យុវតី រ៉ាន់ពេជ្រ សូហ្វេ ជាសិស្សថ្នាក់ទី ១០ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានសម្តែងនូវអារម្មណ៍ ត្រេកអរ ចំពោះការចូលរួមក្នុងកម្មវិធីនេះ និងបានបន្តទៀតថា កម្មវិធីនេះជួយជម្រុញឲ្យគាត់កាន់តែមានកម្លាំងចិត្តក្នុងការសិក្សា ដោយសារបានយល់ឃើញពីសារប្រយោជន៍នៅក្នុងកម្មវិធីនេះ បានបំផុសចេញជាគំនិតថ្មីៗ ជាមួយនឹងចក្ខុវិស័យផ្សេងៗគ្នា និង មាគ៌ាអនាគតឆ្ពោះទៅកាន់ភាពជោគជ័យ ក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈដល់បណ្តាសិក្ខាកាម។ ជាពិសេសការទទួលបានបទ ពិសោធន៍ជាច្រើន ពីការទស្សនាស្តង់គម្រោងរបស់ KOICA ដោយសង្កេតឃើញពីការខិតខំប្រឹងប្រែងរបស់ប្រទេសកូរ៉េ ក្នុងវិស័យ បណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។ គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០២៣ រហូតដល់ឆ្នាំ ២០២៧ ក្នុងគោលបំណង លើក កម្ពស់គុណភាពអប់រំក្នុងវិស័យ TVET ក្នុងជំនាញ ICT តាមរយៈការពង្រឹងបន្ថែមលើកម្មវិធីសិក្សាថ្មី ការបំពាក់នូវបន្ទប់កុំព្យូទ័រ និង ការពង្រឹងសមត្ថភាពគ្រូ។ ឆាប់ៗនេះ គម្រោងនឹងធ្វើការជ្រើសរើសចំនួន២០ វិទ្យាស្ថាន ក្នុងចំណោមវិទ្យាស្ថាន TVET សាធារណៈ ទាំង ៣៧ នៅកម្ពុជា ដើម្បីផ្ដល់នូវបន្ទប់កំព្យូរទ័រ ជាមួយនឹងគ្រឿងបរិក្ខារចុងក្រោយបង្អស់ រួមជាមួយនឹងកម្មវិធីពង្រឹងសមត្ថភាព សម្រាប់គ្រូបង្រៀន តាមរយៈការបើកវគ្គបណ្តុះបណ្តាលដែលធ្វើឡើងទាំងនៅក្នុងប្រទេសកូរ៉េ និងក្នុងតំបន់ផងដែរ។
លើសពីនេះ, គម្រោងនឹងបន្តចូលរួមយ៉ាងសកម្ម នៅក្នុងព្រឹត្តិការណ៍ជាតិធំៗដែលរួមមាន កម្មវិធីពិព័រណ៍ការងារជាដើម ក្នុងគោលបំណងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយ ពីព្រឹត្តិការណ៍ និងសមិទ្ធផលសំខាន់ៗ របស់គម្រោងនេះ។ បន្ថែមពីនេះទៅទៀត ខាងគម្រោងក៏នឹងគ្រោងរៀបចំកម្មវិធីផ្សេងៗទៀត ដើម្បីលើកស្ទួយបន្ថែមដល់សិក្ខាកាម នៅក្នុងវិទ្យាស្ថាន TVET ក្នុងការលើក កម្ពស់សមត្ថភាពសិក្សាក្នុងវិស័យនេះផងដែរ៕







