ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ មានចូលរួមពីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ហាញវត្ថុតាងគ្រឿងញៀនជិត២តោន ដែលសមត្ថកិច្ចចំរុះបង្ក្រាបរឹបអូសបានក្នុងខេត្តព្រះសីហនុ ជាបន្តបន្ទាប់កន្លងមក មុននឹងយកទៅដុតកម្ទេចចោល។
សកម្មភាពបង្ហាញត្រួតពិនិត្យតាមនិតិវិធីនេះធ្វើឡើងនៅ ព្រឹកថ្ងៃឋតី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាដំបូងខេត្តព្រះសីហនុ ក្រោមវត្តមាន ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន ព្រមទាំងតំណាងកងកម្លាំងមានសមត្ថកិច្ចរួមមាននគរបាល កងរាជអាវុធហត្ថ មន្ត្រីតំណាងអាជ្ញាធររដ្ឋបាលខេត្ត និងមន្ត្រីបច្ចេកទេសពាក់ពន្ធ័។
ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបញ្ជាក់ថា វត្ថុតាងគ្រឿងញៀនទាំងអស់នេះ នឹងយកទៅដុតកម្ទេចចោលជាសាធារណៈមុខមហាជនឆាប់ៗនេះ ៕ អត្ថបទ៖ កុម្ភះ







