
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយ នៅថ្ងៃអង្គារនេះថា លោកចង់ឱ្យលោក ជូលៀន អាស្សាញ(Julian Assange) វិលត្រឡប់មកប្រទេសអូស្ត្រាលីវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីស្ថាបនិកគេហទំព័រ WikiLeaks រូបនេះ បានចាកចេញពីចក្រភពអង់គ្លេស មុនពេលផ្តល់ចម្លើយពីមានទោសដែលរំពឹងទុក ចំពោះការរំលោភលើច្បាប់ចារកម្មរបស់សហរដ្ឋអាមេរិក។
លោក Assange អាយុ៥២ឆ្នាំ បានយល់ព្រមផ្តល់ចម្លើយពីភាពមានទោសចំពោះករណីព្រហ្មទណ្ឌ នៃការសមគំនិតដើម្បីទទួលនិងបង្ហាញឯកសារការពារជាតិសម្ងាត់បំផុតរបស់សហរដ្ឋអាមេរិក នេះបើយោងតាមឯកសារនៅក្នុងតុលាការស្រុក របស់សហរដ្ឋអាមេរិក។
លោក Assange ត្រូវបានចោទប្រកាន់ ក្នុងអំឡុងរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក Donald Trump ជុំវិញការចេញផ្សាយឯកសារសម្ងាត់របស់សហរដ្ឋអាមេរិក នៅលើគេហទំព័រ WikiLeaks ដែលត្រូវបានបែកធ្លាយដោយ លោក ឈែលស៊ី ម៉ាននីង(Chelsea Manning) អតីតអ្នកវិភាគចារកម្មយោធារបស់សហរដ្ឋអាមេរិក ជាអ្នកដែលត្រូវបានកាត់ទោសផងដែរក្រោមច្បាប់ចារកម្ម។
គេហទំព័រ Wikileaks បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា លោក Assange បានចាកចេញពីពន្ធនាគារ Belmarsh ក្នុងចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ មុនពេលត្រូវបានដាក់ឲ្យនៅក្រៅឃុំដោយតុលាការជាន់ខ្ពស់ចក្រភពអង់គ្លេស ។