
ការផ្ដល់ចម្លើយសម្រាលទោស សម្រាប់ការកាត់ក្តីសន្តិសុខជាតិដ៏ធំបំផុតមិនធ្លាប់មានរបស់ទីក្រុងហុងកុង ចំពោះក្រុមប្រឆាំងគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងនេះ បានចាប់ផ្តើមកាលថ្ងៃចន្ទ (ទី២៤ ខែមិថុនា) ជាអ្វីដែលត្រូវបានគេរំពឹងថា ជាដំណាក់កាលចុងក្រោយមុនពេលកាត់ទោសដែលអាចឃើញថា ជនជាប់ចោទមួយចំនួន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត។
អ្នកប្រជាធិបតេយ្យចំនួន ៤៧នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន កាលដើមឆ្នាំ២០២១ ដោយសារការចូលរួមក្នុងការស្ទង់មតិក្រៅផ្លូវការ និងមិនមានកាតព្វកិច្ច ដើម្បីជ្រើសរើសបេក្ខជន សម្រាប់ការបោះឆ្នោតសភា។ អ្នកទាំងនោះត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងការធ្វើវិទ្ធង្សនា» ក្រោមច្បាប់សន្តិសុខជាតិដែលដាក់ដោយប្រទេសចិន។
សំណុំរឿងដែលមានរយៈពេលដ៏វែងនេះ បានទាក់ទាញការរិះគន់ពីបណ្តាប្រទេសនានា ក្នុងនោះរួមទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលី ដែលនិយាយថា ច្បាប់សន្តិសុខជាតិត្រូវបានប្រើប្រាស់ដើម្បីរារាំងការមិនពេញចិត្ត និងទប់ស្កាត់សេរីភាពដែលត្រូវបានធានា នៅពេលដែលមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ ត្រូវបានប្រគល់ឲ្យប្រទេសចិនវិញ ក្នុងឆ្នាំ១៩៩៧។ ទាំងអាជ្ញាធរចិន និងទីក្រុងហុងកុង និយាយថា ច្បាប់សន្តិសុខជាតិ គឺចាំបាច់ ហើយបាននាំមកនូវស្ថិរភាព។
ភាគច្រើននៃអ្នកប្រជាធិបតេយ្យត្រូវបានបដិសេធមិនឲ្យនៅក្រៅឃុំ និងត្រូវបានឃុំខ្លួន ក្នុងមន្ទីរឃុំឃាំងអស់រយៈពេលជាង ៣ឆ្នាំ ជាក្នុងអ្វីដែលអ្នករិះគន់និយាយថា ជាសកម្មភាពនៅឆ្ងាយពីប្រពៃណីនៃការអនុវត្តច្បាប់ធម្មតា៕