អគារសាលប្រជុំរបស់សាលាស្រុកបន្ទាយអំពិល ដ៏ថ្មីស្រឡាងមួយខ្នង ដែលទើបបានបញ្ចប់ការសាងសង់ ត្រូវបានសម្ពោធដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ពិធីនេះធ្វើឡើងនៅបរិវេណសាលាស្រុកផ្ទាល់ ដោយមានសមាសភាពចូលរួមយ៉ាងច្រើនកុះករផងដែរ។

លោក នៅ សំតារារិទ្ធ អភិបាលស្រុកបន្ទាយអំពិល បានលើកឡើងថា សាលប្រជុំថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់រដ្ឋបាលស្រុក សម្រាប់ជួយសម្រួលក្នុងការអនុវត្តការងារ និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ស្របតាមការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ អគារសាលប្រជុំមួយខ្នងនេះ មានទំហំ ៨ ម៉ែត្រគុណ២០ ម៉ែត្រ ចំណាយថវិកាសរុបចំនួន ៥៦៨០០ដុល្លារផងដែរ។

ក្នុងពិធីនោះដែរឯកឧត្ដម ប៉ែន កុសល្យ មានប្រសាសន៍ថា អគារសាលប្រជុំថ្មីនេះពិតជាមានសារៈប្រយោជន៍ខ្លាំង ក្នុងការសម្រួលដល់ការបំពេញការងារ និងការបង្កើនប្រសិទ្ធភាពការងាររបស់រដ្ឋបាលស្រុក និងបម្រើដល់ផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់រដ្ឋបាលស្រុក រដ្ឋបាលឃុំទាំងអស់ត្រូវពង្រឹងនូវកិច្ចការងារបន្ថែម ជាពិសេសត្រូវរក្សាឲ្យបាននូវស្ថេរភាពនយោបាយ សុខសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ និងការទប់ស្កាត់នូវល្បែងស៊ីសងគ្រប់ប្រភេទ ជំរុញនូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបន្តគាំទ្រនូវយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាសាធារណៈ ត្រូវដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយ យុត្តិធម៌ គុណធម៌ សមធម៌ តម្លាភាព និងប្រសិទ្ធភាពផងដែរ៕