ភ្នំពេញ ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម Pengiran Kasmirhan Pengiran Tahir, ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសប្រុយណេ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណ:កម្មការអចិន្រ្តៃយ៍ ARMAC (Chairman of the Steering Committee of ARMAC) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដើម្បីអនុវត្តគម្រោងលើកកម្ពស់កម្មវិធីសង្គ្រោះជនពិការដោយសារមីននៅតាមបណ្តារដ្ឋសមាជិកអាស៊ាន ដែលផ្តល់មូលនិធិគាំទ្រដោយ មូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ (ASEAN-KOREA Cooperation Fund) ។
ពិធីហត្ថលេខាទ្វេភាគីនេះ តំណាងដោយ លោក ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន និង លោក ព្រហ្ម សួនប្រសិទ្ធ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល ARMAC ។
ក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំនៃ ARMAC លោក Pengiran Kasmirhan Pengiran Tahir បានមានប្រសាសន៍ថា គម្រោងនេះ ត្រូវបានផ្តួចផ្តើមដោយ ARMAC និងមានការគាំទ្រពីបណ្តាប្រទេសសមាជិកអាស៊ាន ផ្តោតសំខាន់លើការជួយសង្រ្គោះជនរងគ្រោះដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ(AKCF)។
លោកឯកអគ្គរាជទូត បានបន្តទៀតថា គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសសមាជិកអាស៊ាន ដែលរងផលប៉ះពាល់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលកំពុងប្រឈម នឹងបញ្ហាដ៏ធំ ក្នុងការដោះស្រាយជំនួយជនរងគ្រោះនៅក្នុងប្រទេសរបស់ខ្លួន ក៏ដូចជាការបង្កើននូវតួនាទី និងការទទួលខុសត្រូវរបស់អង្គភាពសកម្មភាពមីនពាក់ព័ន្ធនៅក្នុងប្រទេសសមាជិកអាស៊ាន។
ជាមួយគ្នានេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ ដែលបានរួមចំណែកសម្រាប់សកម្មភាពមីននៅកម្ពុជា និងតំបន់អាស៊ាន ដែលការគាំទ្រនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់សាធារណរដ្ឋកូរ៉េ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងនាមជាដៃគូសន្ទនាអាស៊ាន។
ឯកឧត្តម បន្តទៀតថា ក្រៅពីជំនួយកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន សាធារណរដ្ឋកូរ៉េ ក៏បានផ្តល់ជំនួយគាំទ្រកិច្ចសហប្រតិបត្តិការទ្វេភាគីដល់កម្ពុជានូវថវិកាប្រមាណ ១០ លានដុល្លារអាមេរិក តាមរយៈគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ សម្រាប់ការងារបោសសម្អាតមីន និងការសង្រ្គោះជនពិការដោយសារមីននៅកម្ពុជា រហូតដល់ឆ្នាំ២០២៥ ផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា នេះគឺជាការចុះហត្ថលេខាលើកទី២ រវាងអាជ្ញាធរមីន និង ARMAC ដែលលើកទី១ មានតាំងពីឆ្នាំ២០១៨ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាសម្រាប់កិច្ចសហប្រតិបត្តិការទូទៅ។
ឯកឧត្តម បានបញ្ជាក់បន្ថែមថា វឌ្ឍនភាពនេះ មិនត្រឹមតែជាព្រឹត្តិការណ៍សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និង ARMAC ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រឹត្តិការណ៍សំខាន់មួយទៀតសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ ARMAC ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅក្នុងតំបន់អាស៊ាន តាំងពីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនក្នុងឆ្នាំ២០១៧មក ហើយដែលមជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី នាកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ ក្នុងឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។
ក្រៅពីជំនួយរបស់សាធារណរដ្ឋកូរ៉េ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តដ៏ឆ្នើមដទៃទៀតរបស់កម្ពុជារួមមាន សហរដ្ឋអាមេរិក អូស្រ្តាលី អង់គ្លេស ជប៉ុន ន័រវែស អាល្លឺម៉ង់ ស្វីស ចិន កាណាដា នូវែលហ្សឺឡង់ អៀរឡង់ UNDP និង UNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជនផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការស្វែងរកសុខ សន្តិភាព និងស្ថិរភាពនយោបាយជូនជាតិមាតុភូមិ ដែលកើតឡើងចេញពីកម្លាំងញើសឈាមរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បាននាំមកនូវវិបុលភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា៕
អត្ថបទ ៖ បាន ចក់




