
លោក Qais al-Khazali មេដឹកនាំក្រុម Asa'ib Ahl al-Haq ជាកងជីវពលនិកាយស៊ីអ៊ីតដែលជិតស្និទ្ធនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បានគំរាមធ្វើការវាយប្រហារផលប្រយោជន៍របស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាមេរិក គាំទ្រការវាយលុករបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហេសបូឡា នៅប្រទេសលីបង់។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក al-Khazali បាននិយាយថា៖«ប្រសិនបើសហរដ្ឋអាមេរិក បន្តគាំទ្រអង្គភាព ដែលកំពុងកាន់កាប់នេះ (អ៊ីស្រាអែល) នៅក្នុងការពង្រីកប្រតិបត្តិការ និងការវាយប្រហារ របស់ខ្លួនលើប្រទេសលីបង់ និងក្រុមហេសបូឡា នោះប្រទេសនេះ គួរតែដឹងថា ផលប្រយោជន៍ទាំងអស់នៅក្នុងតំបន់ និងអ៊ីរ៉ាក់ នឹងត្រូវរងការវាយប្រហារ និងមានគ្រោះថ្នាក់»។
ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ កម្លាំងតស៊ូឥស្លាមនៅអ៊ីរ៉ាក់ ជាអង្គភាពសម្រាប់កងជីវពលអ៊ីរ៉ាក់ដែលគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារជាច្រើនលើក ទៅលើមូលដ្ឋានអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្នុងតំបន់។
ការអត្ថាធិប្បាយរបស់លោក Al-Khazali បានកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាង អ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡានៅប្រទេសលីបង់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីថ្ងៃអាទិត្យថា បន្ទាប់ពីការបញ្ចប់នៃ«ដំណាក់កាលដែលពឹងផ្អែកខ្លាំង» នៅក្នុងតំបន់ហ្កាហ្សា «យើងនឹងបន្តទៅភាគខាងជើង» ដោយសំដៅទៅលើការព្រមានរបស់អ៊ីស្រាអែល ក្នុងការចាប់ផ្តើមសង្រ្គាមពេញទំហឹងប្រឆាំងនឹងក្រុមហេសបូឡា។