
ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS រាយការណ៍ថា មនុស្ស ២នាក់ បានលោតស្លាប់ពីជាន់លើអគារកម្ពស់ ៨ជាន់នៃអតីតវិទ្យាស្ថានស្រាវជ្រាវអេឡិចត្រូនិករុស្ស៊ីដែលរងការឆាបឆេះកាលពីថ្ងៃចន្ទ ហើយមនុស្សយ៉ាងហោច ៦នាក់ផ្សេងទៀត បានស្លាប់នៅក្នុងអណ្តាតភ្លើង ។
ផ្សែងខ្មៅបានគ្របដណ្តប់ពីលើអគារ ស្ថិតនៅក្រៅទីក្រុងម៉ូស្គូ ហើយអណ្តាតភ្លើងបានឆាបឆេះជញ្ជាំងអគារ ។ មនុស្សមួយចំនួន បានជាប់ខ្លួននៅលើដំបូលអគារ ប៉ុន្តែពួកគេពុំអាចចុះមកដីបានឡើយ ។
ប៉ុស្តិ៍បណ្តាញព័ត៌មានសង្គម Baza Telegram បង្ហាញរូបភាពបុរសម្នាក់ លោតពីជាន់លើអគារ ហើយបុរសម្នាក់ទៀត រលាកភ្លើង រួចធ្លាក់ពីជាន់លើអគារ ។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេ ពីមូលហេតុដែលបណ្តាលឲ្យអគ្គិភ័យនេះ កើតឡើង ៕