
ទីប្រឹក្សាសំខាន់ៗ ២រូបរបស់លោក Donald Trump បានបង្ហាញលោកនូវផែនការបញ្ចប់សង្គ្រាមរបស់រុស្ស៊ី នៅប្រទេសអ៊ុយក្រែន ប្រសិនបើលោកឈ្នះការបោះឆ្នោតប្រធានាធិបតី ដោយការប្រាប់អ៊ុយក្រែនថា ខ្លួននឹងទទួលបានអាវុធអាមេរិកបន្ថែមទៀត ប្រសិនបើប្រទេសនេះព្រមចូលទៅក្នុងកិច្ចចរចាសន្តិភាព។
ឧត្តមសេនីយ៍ឯកចូលនិវត្តន៍ លោក Keith Kellogg ដែលជាទីប្រឹក្សាសន្តិសុខជាតិម្នាក់របស់លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ក្នុងពេលជាមួយគ្នា សហរដ្ឋអាមេរិកនឹងព្រមានទីក្រុងមូស្គូថា រាល់ការបដិសេធក្នុងការចរចា នឹងនាំឲ្យមានការបង្កើនការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែនបន្ថែមទៀត។
នៅក្រោមផែនការដែលគ្រោងឡើងដោយ លោក Kellogg និងលោក Fred Fleitz ដែលទាំង ២នាក់ បានបម្រើការជាប្រធានបុគ្គលិក នៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក Trump អំឡុងពេលដែលលោកកាន់តំណែងជាប្រធានាធិបតីចន្លោះឆ្នាំ ២០១៧-២០២១ នឹងមានបទឈប់បាញ់ដោយផ្អែកលើការព្រមព្រៀង អំឡុងកិច្ចចរចាសន្តិភាពនោះ។
តែទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យរបស់លោក Trump គឺលោក Steven Cheung បាននិយាយថា មានតែសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយលោក Trump ឬសមាជិកដែលទទួលបានការអនុញ្ញាតនៃយុទ្ធនាការរបស់លោកប៉ុណ្ណោះ គួរតែត្រូវបានចាត់ទុកថា ជាផ្លូវការរាល់ការលើកឡើងណាមួយ៕