
ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ កាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់ និងប្រទេសបារ៉ែន បានចាប់ផ្តើមពិភាក្សា ស្តីពីការបញ្ចេញទ្រព្យសកម្មរបស់ប្រទេសអ៊ីរ៉ង់ ដែលបច្ចុប្បន្នត្រូវបានបង្កកនៅក្នុងប្រទេសបារ៉ែន។
ទីភ្នាក់ងារព័ត៌មាន IRNA បានដកស្រង់សម្តី ធនាគារកណ្តាលអ៊ីរ៉ង់ ដែលបាននិយាយថា ការចរចាដោយប្រសិទ្ធភាព ត្រូវបានធ្វើឡើង ស្តីពីការបញ្ចេញទ្រព្យសកម្មរបស់អ៊ីរ៉ង់ រវាងទេសាភិបាលរងធនាគារកណ្តាលអ៊ីរ៉ង់ និងបារ៉ែន នៅមុនដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសបារ៉ែន លោក Abdullatif bin Rashid Al Zayani ទៅកាន់ទីក្រុងតេអេរ៉ង់។
ទីភ្នាក់ងារព័ត៌មាន IRNA បានរាយការណ៍ថា អំឡុងការចរចា ភាគីទាំងពីរបានព្រមព្រៀងលើការបញ្ចេញលុយដែលត្រូវបានបង្ករបស់អ៊ីរ៉ង់ ដែលកើតឡើងក្នុងក្របខណ្ឌបច្ចេកទេស និងការគោរពគ្នាទៅវិញទៅមក។
សេចក្តីរាយការណ៍ និយាយថា ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរពីមូលហេតុសំខាន់ៗនៃបញ្ហា និង ស្វែងរកវិធីសាស្ត្រ ដើម្បីកំណត់អត្តសញ្ញាណ និងជម្នះរាល់ឧបសគ្គ ដែលរារាំងការបញ្ចេញមូលនិធិដែលត្រូវបានបង្កក របស់ប្រទេសអ៊ីរ៉ង់។
កាលពីខែកក្កដា ឆ្នាំ២០២១ តុលាការព្រហ្មទណ្ឌជាន់ខ្ពស់របស់ប្រទេសបារ៉ែន បានចេញសាលក្រម រឹបអូសមូលនិធិរបស់ប្រទេសអ៊ីរ៉ង់មានតម្លៃជិត១,៣ពាន់លានដុល្លារអាមេរិកនៅក្នុងប្រទេស ដោយផ្អែកលើការចោទប្រកាន់ពីបទលាងលុយ ដែលត្រូវបានច្រានចោលដោយមន្ត្រីប្រទេសអ៊ីរ៉ង់។
យោងតាមក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថាប្រទេសអ៊ីរ៉ង់ និងបារ៉ែន បានប្រកាស នៅក្នុងសេចក្តីថ្លែងការរួមថាពួកេគេ បានព្រមព្រៀងចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការបន្តទំនាក់ទំនងនយោបាយទ្វេភាគី បន្ទាប់ពីបានជាប់គាំងផ្នែកការទូតរយៈពេល៨ឆ្នាំ។