
សមាជិកថ្មីស៊ុយអែតរបស់អង្គការណាតូ បានធ្វើម្ចាស់ផ្ទះកងម៉ារីនសហរដ្ឋអាមេរិក និងទាហានប៉ូឡូញ សម្រាប់សមយុទ្ធប្រចាំឆ្នាំ Baltic Operations 2024 (BALTOPS) នៅកោះ Gotland ស្ថិតក្នុងតំបន់បាល់ទិក ។
សមយុទ្ធឆ្នាំនេះដែលផ្តោតសំខាន់ភាគច្រើនលើដែនសមុទ្រ និងបានបញ្ចប់ទៅកាលពីថ្ងៃទី ២០ ខែមិថុនានោះ បានធ្វើឡើងនៅសមុទ្របាល់ទិក ក៏ដូចជាដីគោកនៅប្រទេសស៊ុយអែត ប៉ូឡូញ អាល្លឺម៉ង់ និងលីទុយអានី ។
ទាហានប្រហែល ១២.០០០នាក់ មកពីសម្ព័ន្ធមិត្តយោធាណាតូ ក៏ដូចជានាវា ៥០គ្រឿង និងយន្តហោះចម្បាំងរាប់សិបគ្រឿង បានចូលរួមសមយុទ្ធនេះ ដែលដឹកនាំដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិក ។
សូមបញ្ជាក់ថា ស៊ុយអែត បានចូលរួមសមយុទ្ធ BALTOPS ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០មកម្ល៉េះ ប៉ុន្តែនេះគឺជាលើកដំបូងហើយ ក្នុងនាមជាសមាជិកពេញលេញ ក្រោយចូលរួមជាមួយអង្គការណាតូកាលពីខែមីនា ឆ្នាំនេះ ៕