
នៅថ្ងៃអង្គារនេះ នគរបាលកេនយ៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករនៅរដ្ឋធានីណៃរ៉ូប៊ី ស្របពេលកើតមានបាតុកម្មទូទាំងប្រទេសប្រឆាំងនឹងការដំឡើងពន្ធស្នើសុំ ។
ក្រុមអ្នករៀបចំ បានអំពាវនាវឲ្យមានបាតុកម្ម និងកូដកម្មប្រឆាំងច្បាប់ពន្ធថ្មី ដើម្បីបង្កើនសន្ទុះបាតុកម្មរយៈពេល ១សប្តាហ៍ ដែលជាចលនាដឹកនាំដោយយុវជន ធ្វើឲ្យរដ្ឋាភិបាលឈឺក្បាលយ៉ាងខ្លាំង ។
ក្រុមបាតុកររាប់ម៉ឺននាក់ នាំគ្នាដង្ហែក្បួនតាមដងផ្លូវនៅក្នុងទីក្រុងណៃរ៉ូប៊ី និងទីក្រុងជាច្រើនទៀត អំឡុងបាតុកម្មរយៈពេល ២ថ្ងៃកាលពីសប្តាហ៍មុន ។
ទោះបីជាបាតុកម្មកាលពីសប្តាហ៍មុននៅក្នុងទីក្រុងណៃរ៉ូប៊ី មានសភាពស្ងប់ស្ងៀមយ៉ាងណាក្តី ក្រុមនគរបាល នៅតែព្យាយាមបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងទឹកម្តងហើយម្តងទៀត ដើម្បីបំបែកក្រុមបាតុករដែរ ។
អ្នកនាំពាក្យនគរបាល ពុំបានឆ្លើយតបនោះទេ ចំពោះសំណើសុំសេចក្តីអត្ថាធិប្បាយជុំវិញចំណាត់ការរបស់ពួកគេលើក្រុមបាតុករ ៕