ពោធិ៍សាត់ ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យវាយតម្លៃលទ្ធផលនៃការអន្តរាគមន៍ និងនាំយកដ្រូនដើម្បីបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងបង្ហាញប្រជាកសិករ។
នៅក្នុងបណ្តាញសង្គម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការបន្តចុះពិនិត្យអន្តរាគមន៍នេះ ធ្វើឡើងនៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងគោលបំណងសិក្សានិងវាយតម្លៃលើការរាតត្បាតរបស់ដង្កូវហ្វូង ហើយណែនាំដល់ប្រជាកសិករដែលចូលរួមប្រមាណជិត ២០០គ្រួសារ អំពីរបៀបប្រើថ្នាំកសិកម្មបាញ់កម្ចាត់ដង្កូវក្នុងតម្លៃសមរម្យ ហើយមិនប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
នាឱកាសនោះ ឯកឧត្តម ឃឹម ហ្វីណង់ បានអំពាវនាវទៅដល់កសិករទាំងអស់ត្រូវចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្ននេះ ស្ថិតនៅក្នុងដំណាក់កាលផ្ទុះឡើងនៅដង្កូវហ្វូងនៅឡើយ។ បើសិនជាប្រជាកសិករមានភាពយឺតយ៉ាវក្នុងការចុះពិនិត្យឱ្យបានទាន់ពេលទេ ដង្កូវហ្វូងនោះអាចបំផ្លាញដំណាំស្រូវក្នុងរយៈពេល ២ទៅ៣ថ្ងៃ អស់តែម្តង។ ឯកឧត្តម បន្ថែមថា បើប្រជាកសិករជួបប្រទះនិងដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬអាចទំនាក់ទំនងទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក ដើម្បីឱ្យពួកគាត់ជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬរបៀបនៃការជ្រើសរើសថ្នាំសម្រាប់បាញ់សម្លាប់ដង្កូវនោះផងដែរ។
ឯកឧត្តម បានបញ្ជាក់ទៀតថា បើមិនមានការប្រែប្រួលទេ តាមការបញ្ជាផ្ទាល់ពីឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ចាប់ពីនេះ និងថ្ងៃបន្តបន្ទាប់ទៀត ថ្នាក់ដឹកនាំក្រសួងកសិកម្ម ព្រមទាំងក្រុមការងារក្រសួង រួមទាំងអាជ្ញាធរពាក់ព័ន្ធនៅទូទាំងប្រទេស នៅតែបន្តចុះយ៉ាងសស្រាក់សស្រាំយទៅគ្រប់ទីតាំងដែលមានការផ្ទុះរាតត្បាតដង្កូវហ្វូងបំផ្លាញ់ដំណាំស្រូវ ដើម្បីធ្វើការណែនាំអំពីរបៀបប្រើប្រាស់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងជូនប្រជាកសិកម្មឱ្យបានជោគជ័យ។
គួរបញ្ជាក់ថា ខេត្តពោធិ៍សាត់រងផលប៉ះពាល់ដោយសារដង្កូវហ្វូងបំផ្លាញដំណាំស្រូវប្រជាកសិករតិចជាងគេ ក្នុងចំណោម១៥ផ្សេងទៀត ដោយសារមានការទប់ស្កាត់បានទាន់ពេល ធ្វើឱ្យកាត់ផ្តាច់ការវាយលុក និងការរីករាលដាលរបស់ដង្កូវ ទាំងតំបន់ដែលដង្កូវវាយលុក និងតំបន់ផ្សេងៗដែលកសិករបាញ់ថ្នាំកសិកម្មទប់ស្កាត់៕
អត្ថបទ ៖ ឈិត បូរ៉ាវី





