
អគ្គិភ័យ បានឆាបឆេះឡើងនៅព្រឹកទាបភ្លឺ ថ្ងៃអង្គារនេះ នៅសាលារៀនធ្វើជាទីជម្រក ស្ថិតក្នុងទីក្រុងហ្កាហ្សា ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល ។
ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា ជនប៉ាឡេស្ទីន នាំគ្នាស្រែក និងរត់ទៅជួយអ្នករងរបួស ក្រោយការវាយប្រហារលើសាលារៀន Asma ស្ថិតក្នុងជំរំ Al-Shati ដែលបណ្តាលឲ្យមានអ្នករងរបួស និងអ្នកស្លាប់ជាច្រើននាក់ ។
សង្រ្គាម បានផ្ទុះឡើង ពេលដែលក្រុមជីវពលហាម៉ាស់ប៉ាឡេស្ទីន វាយឆ្មក់ឆ្លងព្រំដែនចូលទៅក្នុងតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥០នាក់ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលជាការសងសឹកនឹងការវាយប្រហារនេះ បានសម្លាប់មនុស្សជិត ៣៧.៦០០នាក់ ៕