
មេដឹកនាំរបបយោធារបស់សហភាពមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ Min Aung Hlaing បានធ្វើការសុំអភ័យទោសដ៏កម្រទៅកាន់អារាមព្រះពុទ្ធសាសនាដ៏ល្បីល្បាញមួយ បន្ទាប់ពីព្រះចៅអធិការរបស់វត្តនេះ ត្រូវបានកងកម្លាំងសន្តិសុខផ្ដាច់ព្រះជន្ម កាលពីសប្តាហ៍មុន ជាហេតុការណ៍មួយ ដែលអាចបង្កឲ្យមានការតវ៉ារីករាលដាល ក្នុងចំណោមព្រះសង្ឃ ដែលជាប្រពៃណីគាំទ្រពួកយោធា។
រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក Tin Oo Lwin បានអានលិខិតរបស់ប្រមុខរបបយោធា តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រ Facebook របស់វត្ត Win Neinmitayon កាលពីល្ងាចថ្ងៃចន្ទ (ទី២៤ ខែមិថុនា)។ លោកបានបន្តថា ការស៊ើបអង្កេតកំពុងប្រព្រឹត្តទៅ ហើយ «វិធានការនឹងត្រូវបានធ្វើឡើងយ៉ាងម៉ឺងម៉ាត់»។
គួរបញ្ជាក់ថា ការសុំអភ័យទោសនេះ គឺជាការប៉ុនប៉ងបន្ធូរបន្ថយភាពតានតឹង ខណៈដែលបព្វជិតពុទ្ធសាសនាមួយចំនួន កំពុងគ្រោងរៀបចំការតវ៉ា បន្ទាប់ពីព្រះសង្ឃព្រះជន្ម ៧៨វស្សា បានទទួលអនិច្ចធម្ម ដោយសាររកងកម្លាំងសន្តិសុខបាញ់ត្រូវ កាលពីសប្តាហ៍មុន នៅក្នុងភូមិមួយ ភាគកណ្តាលសហភាពមីយ៉ាន់ម៉ា។
ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរបបយោធា ដំបូងឡើយ បានទម្លាក់កំហុសដល់ក្រុមប្រឆាំងថា បានធ្វើឲ្យព្រះចៅអធិការអស់ព្រះជន្ម ប៉ុន្តែព្រះសង្ឃជាន់ខ្ពស់ដែលធ្វើដំណើរអមជាមួយព្រះអង្គ បានមានសង្ឃដីកាថា គឺមន្ត្រីសន្តិសុខរបស់របបនេះទៅវិញទេ ដែលត្រូវទទួលខុសត្រូវ៕