
តុលាការកំពូលរបស់អ៊ីស្រាអែល នៅថ្ងៃអង្គារ (ទី២៥ ខែមិថុនា) នេះ បានបញ្ជាឲ្យរដ្ឋាភិបាលកេណ្ឌជនជាតិជ្វីហ្វដែលកាន់សាសនាគ្រិស្តនិកាយអូស្សូដក់តឹងរ៉ឹងជ្រុល ចូលបម្រើយោធា ដោយការសម្រេចនេះផ្តល់នូវការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដែលមានសក្តានុពលក្នុងការធ្វើឲ្យរដ្ឋាភិបាលចម្រុះកំពុងកាន់អំណាចរបស់លោកបាត់បង់ឥទ្ធិពល។
ជាមួយគ្នានេះ តុលាការក៏បានបញ្ជាឲ្យរដ្ឋាភិបាលដកមូលនិធិពីបណ្ដាសាលាសាសនា ឬ Yeshiva ដែលសិស្សានុសិស្សមិនគោរពតាមសេចក្តីជូនដំណឹងកំណែន។
តុលាការបានប្រាប់ថា៖ «នៅពេលនេះមិនមានក្របខ័ណ្ឌច្បាប់ ដែលអាចធ្វើឲ្យមានការបែងចែកច្បាស់លាស់ រវាងសិស្សសាលាសាសនា (Yeshiva) និងអ្នកដែលត្រូវបានជ្រើសរើស ដើម្បីបម្រើកាតព្វកិច្ចយោធានោះឡើយ។ ដោយហេតុនេះ រដ្ឋមិនមានសិទ្ធិអំណាចក្នុងការបញ្ជាឲ្យមានការរួចផុតពីការចូលបម្រើទ័ពនោះទេ»។
ចាប់តាំងប្រទេសអ៊ីស្រាអែលកើតឡើង ជនជាតិជ្វីហ្វដែលកាន់សាសនាគ្រិស្តនិកាយអូស្សូដក់តឹងរ៉ឹងជ្រុល (ឬ Haredi) ត្រូវបានលើកលែងពីការបម្រើយោធា ដែលជាកាតព្វកិច្ចជាតិ។ ជនជាតិជ្វីហ្វសាសនាគ្រិស្តនិកាយអូស្សូដក់ប្រកាន់តឹងរ៉ឹងជ្រុលចាត់ទុកការសិក្សាផ្នែកសាសនាថា ជាមូលដ្ឋានគ្រឹះក្នុងការអភិរក្សសាសនារបស់ខ្លួន ដែលមានសារៈសំខាន់ ចំពោះការការពាររបស់អ៊ីស្រាអែល ដូចជាយោធាដែរ៕