
ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល និយាយនៅថ្ងៃអង្គារនេះថា អ៊ីស្រាអែលនឹងចំណាយពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ដើម្បីព្យាយាមដោះស្រាយជម្លោះជាមួយក្រុមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ ហើយនិងចង់បានដំណោះស្រាយការទូត ។
លោក Tzachi Hanegbi គឺជាទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល និយាយថា អ៊ីស្រាអែល កំពុងពិភាក្សាជាមួយក្រុមមន្រ្តីសហរដ្ឋអាមេរិកលើលទ្ធភាពអាចបញ្ចប់ប្រតិបត្តិការសឹកដ៏តានតឹងរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលនឹងអនុញ្ញាតឲ្យមានការរៀបចំឈានទៅរកការបញ្ចប់ជម្លោះជាមួយក្រុមហេសប៊ូឡា ។
បន្ទាប់ពីការវាយប្រហារលើតំបន់ភាគខាងត្បូងអ៊ីស្រាអែលដោយក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដែលនាំឲ្យផ្ទុះសង្រ្គាមនៅតំបន់ហ្កាហ្សា ក្រុមហេសប៊ូឡា បានវាយប្រហារតំបន់ភាគខាងជើងអ៊ីស្រាអែល ។
ការផ្លោងគ្រាប់នេះដែរ នាំឲ្យមានការជម្លៀសខ្លួនមនុស្សរាប់ម៉ឺននាក់នៅតាមតំបន់ព្រំដែនប្រទេសទាំង ២ ហើយការកើនឡើងការវាយប្រហារក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ បង្កឲ្យមានក្តីបារម្ភថា វាអាចនឹបង្កឲ្យមានជម្លោះទ្រង់ទ្រាយធំជាងនេះ ៕