ប្រណាំងកង់៖ កីឡាករប៊ែលហ្ស៊ិក Jasper Philisen បានប្រជែងឈ្នះដំណាក់កាលទី៥ នៃការប្រកួតប្រណាំងកង់ Grand Tour, Vuelta a Espana ស្របពេលអ្នកនាំមុខរួមផ្លាស់ប្តូរមុខ។

ការប្រកួតដំណាក់កាលទី៥ ដែលមានចំងាយផ្លូវ ១៨៤.៤គីឡូម៉ែត្រ កីឡាកររបស់ក្រុម Alpecin-Fenix រូបនេះបានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ២៤នាទី ៤១វិនាទី តាមពីក្រោយដោយកីឡាករហូឡង់ Fabio Jakobsen របស់ក្រុម Quick-Step និងលេខ៣ កីឡាករអ៊ីតាលី Alberto Dainese របស់ក្រុម DSM។ មានការប៉ះទង្គិចគ្នានៅពេលសល់ ២០គីឡូម៉ែត្រទៀតដល់ទីព្រ័ត្រ ដែលក្នុងនោះក៏មានវត្តមានកីឡាករវ័យ ៣៤ឆ្នាំ rein Taraamae ដែលជាអ្នកនាំមុខគេរួម ដែលធ្វើឱ្យកីឡាករអេស្តូនីរូបនេះខាតបង់ពេលវេលាដល់ទៅ ២នាទី ២០វិនាទី។
ហេតុផលនេះធ្វើឱ្យអ្នកនាំមុខគេក្នុងតារាងរួម នៅពេលនេះផ្លាស់ប្តូរមកជាកីឡាករបារាំង Kenny Ellisonde របស់ក្រុម Trek-Segafredo មានវេលាចំណេញពីលើអ្នកលេខ២ អ្នកការពារតំណែងជើងឯក Primoz Roglic ៥វិនាទី និងលេខ៣ កីឡាករបារាំង Lilian Calmejane របស់ក្រុម AG2R Citroen យឺតជាង ១០វិនាទី។ ដោយឡែកសំរាប់ដំណាក់កាលទី៦ ថ្ងៃព្រហស្បតិ៍នេះ ឈានដល់ដំណាក់កាលឆ្លងកាត់ស្ថានភាពផ្លូវភ្នំលើចំងាយផ្លូវ ១៥៨.៣គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ