
នៅថ្ងៃអង្គារនេះ យានអង្កេតឋានព្រះច័ន្ទ Chang'e-6 របស់ចិន បានចុះចតនៅតំបន់ម៉ុងហ្គោលីក្នុង ស្ថិតនៅភាគខាងជើងប្រទេសចិន ដើម្បីធ្វើឲ្យប្រទេសមួយនេះ ក្លាយជាប្រទេសលើកដំបូងគេ នាំសំណាកពីផ្នែកឆ្ងាយរបស់ឋានព្រះច័ន្ទ ។
ទូរទស្សន៍រដ្ឋ CCTV រាយការណ៍ថា បន្ទប់យាន បានចុះចតលើផែនដីនៅវេលាម៉ោង ២ និង ៧នាទីរសៀល ម៉ោងនៅទីក្រុងប៉េកាំង ដោយនាំយកមកជាមួយនូវសំណាកដីឋានព្រះច័ន្ទ ដែលប្រមូលបានកាលពីដើមខែនេះ ដោយយានអង្កេត បន្ទាប់ពីចូលចតដោយជោគជ័យនៅមាត់ភ្នំភ្លើង Aitken Basin ស្ថិតនៅប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទ និងជាមាត់ភ្នំភ្លើងមួយនៅឆ្ងាយពីផែនដី ។ សំណាកនេះ នឹងត្រូវដឹកតាមអាកាសទៅកាន់ទីក្រុងប៉េកាំង សម្រាប់ការវិភាគ ។
ប្រធានាធិបតីចិនលោក Xi Jinping និយាយថា ការបញ្ចប់បេសកកម្មនេះ គឺជាសមិទ្ធិផលជាប្រវត្តិសាស្រ្តនៅក្នុងដំណើររបស់ចិន ក្លាយជាប្រទេសមហាអំណាចវិទ្យាសាស្រ្ត និងអវកាស ។
យោងតាមសេចក្តីរាយការណ៍របស់ CCTV បានឲ្យដឹងថា យានអង្កេត Chang'e-6 ត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាសកាលពីថ្ងៃទី ៣ ខែឧសភា តាមយានចម្លោះ Long March 5 ចេញពីមជ្ឈមណ្ឌលបាញ់ផ្កាយរណប Wenchang ស្ថិតលើកោះភាគខាងត្បូង Hainan ៕