
មន្ត្រីក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការចរចារជុំថ្មីមួយ នៅថ្ងៃអង្គារនេះ ស្តីពីការបង់ថ្លៃសម្រាប់ការថែទាំកងកម្លាំងសហរដ្ឋអាមេរិកចំនួន ២៨.៥០០នាក់ នៅកូរ៉េ (USFK)។
កិច្ចចរចារយៈពេលបីថ្ងៃនៅទីក្រុងសេអ៊ូល បានកើតឡើងប្រហែលពីរសប្តាហ៍ បន្ទាប់ពីប្រធានអ្នកចរចារបស់កូរ៉េខាងត្បូងលោក Lee Tae-woo និងសមភាគីអាមេរិករបស់ខ្លួន គឺលោកស្រី Linda Specht បានបើកការចរចាជុំទី៣ ស្តីពីកិច្ចព្រមព្រៀងវិធានការពិសេស (SMA) នៅទីក្រុងវ៉ាស៊ីនតោន។
សម្ព័ន្ធមិត្តទាំងពីរ បានចាប់ផ្តើមការចរចាកាលពីខែមេសា លឿនជាងការរំពឹងទុក ចំពេលមានការរំពឹងទុកថា ទីក្រុងសេអ៊ូល ចង់បានកិច្ចព្រមព្រៀងដំបូង ដើម្បីជៀសវាងការចរចាដ៏តឹងតែងជាមួយទីក្រុងវ៉ា ស៊ីនតោន ក្នុងករណីដែលអតីតប្រធានាធិបតីអាមេរិក Donald Trump ត្រឡប់ទៅកាន់សេតវិមាន។
ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Trump ទីក្រុងវ៉ាស៊ីនតោន បានទាមទារឲ្យទីក្រុងសេអ៊ូល បង្កើនការបង់ប្រាក់ច្រើនជាង៥ដង គឺ៥ពាន់លានដុល្លារ។
កិច្ចព្រមព្រៀងវិធានការពិសេស (SMA) រយៈពេល ៦ឆ្នាំបច្ចុប្បន្ននេះ ដែលត្រូវផុតកំណត់ នៅចុងឆ្នាំក្រោយ បានប្តេជ្ញាចិត្តកូរ៉េខាងត្បូងឲ្យបង់ប្រាក់ចំនួន ១,០៣ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២១ កើនឡើង ១៣,៩ ភាគរយពីឆ្នាំ ២០១៩ និងបង្កើនការបង់ប្រាក់ជារៀងរាល់ឆ្នាំសម្រាប់រយៈពេល ៤ឆ្នាំបន្តបន្ទាប់គ្នា ស្របតាមការកើនឡើងនៅក្នុងការចំណាយលើវិស័យការពារជាតិរបស់ទីក្រុងសេអ៊ូល។