
ទីភ្នាក់ងារការពារជនស៊ីវិលរបស់តំបន់ហ្កាហ្សា បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រា អែល នៅព្រឹកថ្ងៃអង្គារនេះ បានសម្លាប់សមាជិកគ្រួសារ១០នាក់របស់ប្រធានក្រុមហាម៉ាសដែលមានមូលដ្ឋាននៅប្រទេសកាតា លោក Ismail Haniyeh ក្នុងនោះមានប្អូនស្រីរបស់គាត់ផងដែរ។
យោធាអ៊ីស្រាអែលដែលកំពុងធ្វើយុទ្ធនាការកម្ទេចក្រុមហាម៉ាសជុំវិញការវាយប្រហារថ្ងៃទី ៧ ខែតុលា បានប្រាប់សារព័ត៌មាន AFP ថា ខ្លួនបានដឹងអំពីរបាយការណ៍នោះ ប៉ុន្តែយើងមិនអាចបញ្ជាក់បានទេ។
លោក Mahmud Basal អ្នកនាំពាក្យការពារជនស៊ីវិលនៃទឹកដីដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ការវាយប្រហារ បានត្រូវចំផ្ទះគ្រួសាររបស់លោក Haniyeh ក្នុងជំរំជនភៀសខ្លួន Al-Shati នៅតំបន់ហ្កាហ្សាស្ទ្រីបភាគខាងជើង។
លោក Basal បានប្រាប់សារព័ត៌មាន AFPថា៖«មានរងគ្រោះចំនួន១០នាក់...ដោយសារការវាយប្រហារនោះ ក្នុងនោះមាន Zahr Haniyeh ជាប្អូនស្រីរបស់ប្រធានការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh»។
លោកបាននិយាយថា សាកសពមួយចំនួន ទំនងជានៅក្រោមគំនរបាក់បែក ប៉ុន្តែ «យើងមិនមានឧបករណ៍ចាំបាច់» ដើម្បីទាញយកពួកគេ ចេញមកបានទេ។