
តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X នាថ្ងៃអង្គារ (ទី២៥ ខែមិថុនា) នេះ នាយករដ្ឋមន្ត្រីលោក Petr Fiala របស់សាធារណរដ្ឋឆែក បានឲ្យដឹងថា ការដឹកជញ្ជូនគ្រាប់រំសេវដំបូង ពីគំនិតផ្តួចផ្តើមរបស់ឆែក បានទៅដល់ប្រទេសអ៊ុយក្រែនហើយ។
សាធារណរដ្ឋឆែកបានដឹកនាំកិច្ចខិតខំប្រឹងប្រែងទិញគ្រាប់រំសេវ ដោយមានថវិកាពីសម្ព័ន្ធមិត្តអង្គការណាតូ ដើម្បីជួយបំពេញការខ្វះខាតនៅខ្សែត្រៀមជួរមុខរបស់អ៊ុយក្រែន ក្នុងការទប់ទល់ជាមួយរុស្ស៊ី។
លោក Fiala បានឲ្យដឹងនៅលើបណ្ដាញសង្គម X ថា៖ «ការបញ្ជូនគ្រាប់រំសេវជាលើកដំបូង ដែលកើតចេញពីគំនិតផ្តួចផ្តើមរបស់យើង បានទៅដល់ប្រទេសអ៊ុយក្រែនរយចហើយ។ យើងកំពុងធ្វើនូវអ្វីដែលត្រូវធ្វើ»។
គួរបញ្ជាក់ថា កាលពីខែឧសភា ឆែកបានប្រាប់ឲ្យដឹងថា គ្រាប់កាំភ្លើងធំចំនួនពី ៥០.០០០ទៅ ១០០.០០០គ្រាប់ដំបូង នឹងទៅដល់អ៊ុយក្រែន ក្នុងខែមិថុនានេះ៕