
ប្រធានាធិបតីប្រទេសម៉ុលដូវ៉ា លោកស្រី Maia Sandu បានស្វាគមន៍ការចាប់ផ្តើមកិច្ចចរចាជាផ្លូវការ ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប (EU) ដោយសង្កត់ធ្ងន់ថា អនាគតរបស់ប្រទេសលោកស្រី ស្ថិតនៅក្នុងគ្រួសារអឺរ៉ុប។
គួរបញ្ជាក់ថា ប្រទេសម៉ុលដូវ៉ាបានដាក់ពាក្យសុំចូលជាសមាជិក EU រួមជាមួយនឹងប្រទេសជិតខាងអ៊ុយក្រែន នៅឆ្នាំ២០២២ ពោលគឺមានរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលលោកស្រី Sandu បានថ្កោលទោសយ៉ាងខ្លាំងក្លា។
នៅខែតុលា ម៉ុលដូវ៉ានឹងធ្វើប្រជាមតិមួយស្តីពីការជំរុញគាំទ្រអឺរ៉ុបរបស់ខ្លួន។ នៅលើបណ្ដាញសង្គម X លោកស្រី Sandu បានឲ្យដឹងថា៖ «យើងកាន់តែរឹងមាំជាមួយគ្នា»។
សហភាពអឺរ៉ុប គ្រោងនឹងធ្វើពិធីបើកជានិមិត្តរូបនៃកិច្ចពិភាក្សាសមាជិកភាពជាមួយអ៊ុយក្រែន និងម៉ុលដូវ៉ា នៅថ្ងៃអង្គារនេះ៕