
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានរងការរិះគន់យ៉ាងខ្លាំងៗ នៅថ្ងៃអង្គារ (ទី២៥ ខែមិថុនា) នេះ ពាក់ព័ន្ធនឹងការព្រមានរបស់លោក ដែលថា ជ័យជម្នះរបស់ពួកស្តាំជ្រុលនិយម ឬក្រុមប្រកាន់ឆ្វេងយ៉ាងតឹងរ៉ឹង នៅការបោះឆ្នោតមុនអាណត្តិ អាចបង្កឲ្យមាន «សង្រ្គាមស៊ីវិល» ដោយការលើកឡើងនេះត្រូវបានគូប្រជែងរបស់លោកប្រាប់លោកថា កុំធ្វើឲ្យសាធារណជនភ័យខ្លាច។
ប្រទេសបារាំងកំពុងត្រៀមរៀបចំការបោះឆ្នោតនៅថ្ងៃទី៣០ ខែមិថុនា ដែលជាការបោះឆ្នោតមានភាពបែកបាក់បំផុតរបស់ប្រទេស ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ លោក Macron បានប្រកាសពីការបោះឆ្នោតសភា បន្ទាប់ពីក្រុមស្តាំនិយមជ្រុលរបស់គណបក្សរួបរួមជាតិ (RN) ទទួលបានជ័យជម្នះដាច់ឆ្ងាយ នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប កាលពីដើមខែមិថុនានេះ។
ការបោះឆ្នោតនេះកំពុងលេចឡើងជាការប្រកួត រវាងគណបក្សស្តាំជ្រុលនិយម RN និងគនបក្សរណសិរ្សក្រុមឆ្វេងនិយមថ្មី ដែលត្រូវបានគ្រប់គ្រងដោយគណបក្សប្រកាន់ឆ្វេងយ៉ាងតឹងរ៉ឹង គឺគណបក្ស France Unbowed។
លោក Macron បានព្រមានកាលថ្ងៃចន្ទ (ទី២៤ ខែមិថុនា) នេះថា កម្មវិធីរបស់គណបក្ស «ជ្រុលនិយម» ទាំង២ អាចបង្កឲ្យមាន «សង្គ្រាមស៊ីវិល» ដោយចោទប្រកាន់ទាំងគណបក្ស RN និង France Unbowed ថា បានបង្កើតភាពតានតឹង និងបែងចែកមនុស្ស។ មេដឹកនាំទាំងក្រុមឆ្វេងនិយម និងស្តាំនិយម បានថ្កោលទោសការលើកឡើងរបស់លោក៕