ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងសហការជាមួយប្រៃសណីយ៍កម្ពុជា រៀបចំអាស័យដ្ឋានលើក្បាលដីនីមួយៗ ឱ្យបានច្បាស់លាស់ ដើម្បីផ្តល់ភាពងាយស្រួលដល់ការផ្ដល់សេវាដឹកជញ្ជូន និងចែកចាយបញ្ញើប្រៃសណីយ៍ ជូនប្រជាពលរដ្ឋដល់ទីលំនៅ និងផ្ដល់ទំនុកចិត្តដល់ពលរដ្ឋ ។
នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារផ្សព្វផ្សាយសេវាដឹកជញ្ជូន និងចែកចាយបញ្ញើប្រៃសណីយ៍ ជាមួយឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា បានស្នើសុំកិច្ចសហប្រតិបត្តិការ ចូលរួមជាមួយក្រសួងរៀបចំដែនដី ក្នុងការផ្ដល់សេវានេះ ។
ឯកឧត្តម បានបន្ថែមថា នាពេលបច្ចុប្បន្ននេះ ប្រៃសណីយ៍កម្ពុជា បានកំពុងធ្វើកំណែទម្រង់ដោយងាកមកមើលទីផ្សារក្នុងស្រុក ដែលប្រកបដោយសក្តានុពល ដើម្បីឱ្យការផ្ដល់សេវាកាន់តែមានភាពទូលំទូលាយ និងបង្កើនប្រាក់ចំណូល ដោយក្នុងនោះ ប្រៃសណីយ៍កម្ពុជា បានសហការជាមួយស្ថាប័នតុលាការ ដើម្បីផ្ដល់សេវាបញ្ជូនលិខិតវិលជុំ របស់តុលាការ ដល់គូភាគីនីមួយៗ ។
ឯកឧត្តម ថេន សំវិសុទ្ធ បានបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ ក៏បានសហការជាមួយអង្គភាពច្រកចេញចូលតែមួយ អភិបាលរាជធានី ខេត្ត ក្រសួងសាធារណការ និងដឹកជញ្ជូន រួមនិងស្ថាប័នផ្សេងៗទៀត ដើម្បីបង្ខិតសេវារដ្ឋបាល ឱ្យនៅជិតប្រជាពលរដ្ឋ ស្របទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយជួយសម្រួល ក្នុងការបញ្ជូនលិខិតរដ្ឋបាល ឬឯកសារចាំបាច់នានា ជូនប្រជាពលរដ្ឋដល់ទីតាំងផ្ទាល់តែម្ដង ។
ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញនូវក្តីរីករាយស្វាគមន៍ និងគាំទ្រដល់ការធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រៃសណីយ៍កម្ពុជា ក្នុងកិច្ចដំណើរការរៀបចំអាសយដ្ឋានលើក្បាលដីនីមួយៗ ឱ្យបានច្បាស់លាស់ ដែលផ្តល់ភាពងាយស្រួលដល់ការផ្ដល់សេវាដឹកជញ្ជូន និងចែកចាយបញ្ញើប្រៃសណីយ៍ ជូនពលរដ្ឋដល់ទីលំនៅ ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល មានទំនុកចិត្ត និងភាពរីករាយ ដែលជួយជំរុញឱ្យការផ្ដល់សេវានានាកាន់តែមានភាពរហ័ស និងកាត់បន្ថយការចំណាយ ។
គួរបញ្ជាក់ថា ប្រៃសណីយ៍កម្ពុជា គឺជាសហគ្រាសមួយរបស់រដ្ឋ ដែលមានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាអាណាព្យាបាលបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអាណាព្យាបាលហិរញ្ញវត្ថុ ៕
អត្ថបទ បាន សុខរិទ្ធិ








