
របាយការណ៍របស់រដ្ឋាភិបាលប្រចាំឆ្នាំបញ្ជូនទៅសភា នៅថ្ងៃអង្គារ (ទី២៥ ខែមិថុនា) នេះ បានបង្ហាញថា ជនជាតិអ៊ីតាលីជិត ៩៦០.០០០នាក់ ដែលមានអាយុចន្លោះពី ១៥ឆ្នាំ ទៅ ១៩ឆ្នាំ ឬ ៣៩ភាគរយនៃពួកគេ បានប្រើប្រាស់សារធាតុខុសច្បាប់យ៉ាងហោចណាស់ក៏ម្តងដែរ។
គួរបញ្ជាក់ថា ប្រទេសអ៊ីតាលី ដែលជាទីជ្រកកោនរបស់ក្រុមម៉ាហ្វៀដ៏មានឥទ្ធិពល ដោយក្រុមនេះរកប្រាក់បានរាប់ពាន់លានអឺរ៉ូ តាមរយៈការជួញដូរគ្រឿងញៀន បានឃើញយុវជនចំនួន ៥៤.០០០នាក់ប្រើប្រាស់កូកាអ៊ីន ក្នុងឆ្នាំ២០២៣ ខណៈដែលប្រហែល ៥៥០.០០០នាក់ បាននិយាយថា ពួកគេបានប្រើប្រាស់ផលិតផលដែលទាក់ទងនឹងកញ្ឆាយ៉ាងហោចណាស់ក៏ម្តងដែរ។
លោក Alfredo Mantovano អនុរដ្ឋលេខាធិការនៃរដ្ឋបាលស្តាំនិយមរបស់នាយករដ្ឋមន្ត្រី លោកស្រី Giorgia Meloni បានប្រាប់សន្និសីទសារព័ត៌មានថា សារធាតុខុសច្បាប់កំពុងរីករាលដាលដូចជា «ជំងឺរាតត្បាត» នៅក្នុងប្រទេសអ៊ីតាលី ហើយការយល់ដឹងអំពីគ្រោះថ្នាក់ មានតិចតួចណាស់។
រដ្ឋាភិបាលបានឲ្យដឹងថា ថ្នាំដែលមានតម្លៃប្រហែល ១៦,៤ពាន់លានអឺរ៉ូ (១៧,៥៩ពាន់លានដុល្លារ) ត្រូវបានទិញដូរ នៅអ៊ីតាលី ក្នុងឆ្នាំ២០២២ ដែលភាគច្រើនជាសារធាតុក្លាយពីកូកាអ៊ីន និងកញ្ឆា ដោយកើនឡើងពី ១៥,៥ពាន់លានអឺរ៉ូ នៅឆ្នាំ២០២១ និងកៀកនឹងកម្រិតមុនពេលមានជំងឺរាតត្បាតកូវីដ-១៩ ដែលការប្រើប្រាស់បានធ្លាក់ចុះ។
ជាមួយគ្នានេះ សកម្មភាពប្រឆាំងគ្រឿងញៀនរបស់នគរបាល ក៏បានកើនឡើងនៅប្រទេសអ៊ីតាលីដែរ។ រដ្ឋាភិបាលបាននិយាយថា អាជ្ញាធរបានរឹបអូសសារធាតុខុសច្បាប់ជិត ៨៩តោន ក្នុងឆ្នាំ២០២៣ ដោយកើនឡើង ១៧ភាគរយ បើធៀបនឹងឆ្នាំមុន ហើយមនុស្សប្រហែល ២៧.៧០០នាក់ ត្រូវបានរាយការណ៍ពីបទល្មើសទាក់ទងនឹងគ្រឿងញៀន៕