
ភ្នំពេញ៖កូនប្រុសពៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺកុមារ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ដែលមានអាយុទើបតែជាង ៦ឆ្នាំ បាននាំមោទនភាពសម្រាប់ក្រុមគ្រួសារជាថ្មីម្ដងទៀត តាមរយៈការទទួលបានមេដាយមាសរហូតទៅដល់ ២ គ្រឿងក្នុងការប្រលងភាសាអង់គ្លេស និងគណិតវិទ្យាកម្រិតសកលនៅប្រទេសឌូបៃ ក្នុងកម្មវិធី Future Intelligence Students Olympaid Dubai 2024 ។

យោងតាមព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានបង្ហោះនារាត្រីរំលងអាធ្រាត្រថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ នេះ ដោយសម្ដេចបានសរសេរសារបង្កប់នូវអត្ថន័យ និងក្ដីមោទកភាពចំពោះចៅប្រុសយ៉ាងដូច្នេះថា៖

«តាមិនខ្វល់ថាចៅប្រឡងបានចំណាត់ថ្នាក់បែបណានោះទេ តែតាពិតជាមានមោទនភាពតាំង
ពីជាងមួយខែមុនក្រោយបានទទួលដំណឹងថាចៅជាប់ចំណាត់ថ្នាក់ទៅប្រឡងកំរិតសកលនៅឌូបៃ។
តាយាយញញឹមពេលចៅចេញដំណើរទៅ រីករាយនិងមើលរូបថតចៅកំពុងអង្គុយប្រឡង។
ពេលនេះតាយាយកាន់តែមានមោទនភាពដោយទទួលបាន ដំណឹងថាចៅបានទទួលមេដាយមាសរហូតពីរគ្រឿង មួយគ្រឿងសម្រាប់គណិតវិទ្យា និងមួយគ្រឿងទៀតសម្រាប់ភាសារអង់គ្លេស។
ចៅកំពុងរៀននៅថ្នាក់មតេយ្យនៅឡើយ តែចៅអាចប្រកួតប្រជែងកំរិតសកលទាំងភាសាអង់គ្លេសទាំងគណិតវិទ្យាថ្នាក់ទី១ជាមួយសិស្សពីប្រទេសផ្សេងទៀត។ តាក៏មានមោទនភាពផងដែរ ចំពោះចៅៗកូនខ្មែរដែលបានទៅប្រឡងនៅឌូបៃក្នុងថ្នាក់ និងកំរិតខុសៗ គ្នាដែលបង្ហាញថាចៅៗ ជាសិស្សពូកែរបស់កម្ពុជាទើបអាចចូលប្រឡងកំរិតសកលបាន។ សូមអបអរសាទរ ជាមួយមាតាបិតាអាណាព្យាបាលចៅៗទាំងអស់៕»
គួរជម្រាបជូនថា កាលពីពេលថ្មីៗ កន្លងមកនេះ កុមារ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ដែលជាកូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុនី ទើបនឹងទទួលបានមេដាយមាស ក្នុងការប្រឡងគណិតវិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ប្រចាំឆ្នាំ ២០២៤។ អ្វីដែលកាន់តែពិសេស និងគួរឱ្យសរសើរនោះ គឺ កុមារ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ទើបតែរៀនថ្នាក់មត្តេយ្យនៅឡើយ ប៉ុន្តែមានសមត្ថភាពប្រលងបានទទួលជ័យលាភី នូវវិញ្ញាសាសម្រាប់សិស្សថ្នាក់ទី១៕ អត្ថបទ៖ ចេន សុភានាថ




