មនុស្សយ៉ាងហោចណាស់ ១០ នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអង្គារទី២៥សប្ដាហ៍នេះ នៅពេលនគរបាលបានបើកការបាញ់ប្រហារទៅលើក្រុមបាតុកររាប់រយនាក់ ដែលបានសម្រុកចូលបរិវេណសភាក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា តវ៉ាប្រឆាំងច្បាប់ថ្មីៗនេះដែលអនុម័តដោយសមាជិកសភាក្នុងការដំឡើងពន្ធ។

អ្នកស្ម័គ្រចិត្ដកាកបាទក្រហមម្នាក់ ដែលបាននិយាយសុំមិនបញ្ចេញឈ្មោះទៅកាន់សារព័ត៌មាន អាណាដូលូ (Anadolu) បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១០ នាក់ត្រូវបានសម្លាប់ ហើយចំនួនអ្នកស្លាប់និងរបួសទំនងជាកើនឡើង ស្របពេលអ្នករងរបួសជាច្រើននាក់កំពុងត្រូវបានព្យាបាលរបួសដោយគ្រាប់កាំភ្លើង។

លោកបានបន្ថែមថា ស្ថានភាពធ្ងន់ធ្ងរណាស់ ហើយយើងកំពុងប្រឹងប្រែងផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ដឲ្យបានគ្រប់គ្រាន់ ខណៈស្ថានការណ៍កាន់តែធ្ងន់ធ្ងរទៅ។
ក្នុងស្ថានភាពចលាចល គេបានមើលឃើញក្រុមអ្នកតវ៉ា នៅខាងក្នុងអគារសភា ដោយឈរនៅលើកៅអីសមាជិកសភា ខណៈស្នូរគ្រាប់ភ្លើងកំពុងលាន់លឺនៅខាងក្រៅ និងរបស់របរមួយចំនួនបានឆេះ រួមទាំងរថយន្តនគរបាលផងដែរ។ ក្រុមយុវជនដែលខឹងសម្បារទៅនឹងការដំឡើងពន្ធរបស់រដ្ឋាភិបាលក៏បានដុតបំផ្លាញផ្នែកខ្លះនៃសភា និងការិយាល័យអភិបាលក្រុងណៃរ៉ូប៊ី ក្នុងបរិវេណរដ្ឋធានីនេះផងដែរ៕