យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធ (២៦ មិថុនា) នេះថា ការបាញ់បង្ហោះមីស៊ីលបាលិស្ទិកមិនស្គាល់ប្រភេទរបស់ប្រទេសកូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រនៅឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ ហាក់ដូចជាបានបរាជ័យ។

កូរ៉េខាងជើងនៅដើមសប្តាហ៍នេះ បានរិះគន់ការដាក់ពង្រាយនាវាផ្ទុកយន្តហោះអាមេរិក ដើម្បីចូលរួមសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង និងជប៉ុន ហើយបានព្រមានអំពី «ការបង្ហាញកម្លាំងរារាំងថ្មីដ៏លើសលប់»។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា ការបាញ់មីស៊ីលដែលបរាជ័យនោះ ជាក់ស្តែងមានប្រភពមកពីជុំវិញទីក្រុងព្យុងយ៉ាង។ ឆ្មាំល្បាតឆ្នេររបស់ប្រទេសជប៉ុន បាននិយាយថា មីស៊ីលដែលហោះដល់កម្ពស់ប្រហែល ១០០ គីឡូម៉ែត្រ និងចម្ងាយជាង ២០០ គីឡូម៉ែត្រនោះ និងដែលត្រូវគេជឿថាជាមីស៊ីលបាលិស្ទិករបស់កូរ៉េខាងជើង ហាក់ដូចជាបានធ្លាក់ចុះរួចទៅហើយ។

ការបាញ់មីស៊ីលនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីខួប ៧៤ ឆ្នាំនៃការចាប់ផ្តើមសង្គ្រាមកូរ៉េ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយនៅថ្ងៃពុធនេះថា មហាបាតុកម្មនៅទីក្រុងព្យុងយ៉ាង ត្រូវបានធ្វើឡើងដើម្បីរំលឹកខួបនេះ ដោយហៅវាថាជាថ្ងៃនៃ «ការតស៊ូប្រឆាំងនឹងចក្រពត្តិនិយមរបស់សហរដ្ឋអាមេរិក» និងហៅសហរដ្ឋអាមេរិកថាជាសត្រូវដ៏ខ្លាំងក្លា៕