ត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំប្រារព្ធធ្វើទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ "រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន" នៅបរិវេណសាលាវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ មានប្រសាសន៍លើកឡើងថា មិនខុសពីឆ្នាំមុនៗនោះទេ ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គិតតាំងពីឆ្នាំ១៩៨៧មក, អង្គការសហប្រជាជាតិ តាមរយៈការិយាល័យទទួលបន្ទុកកិច្ចការ គ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានដាក់ចេញនូវប្រធានបទមួយ នៅរាល់ទិវាអន្តរជាតិ ដោយប្រធានបទឆ្នាំនេះ គឺ រួមគ្នាវិនិយោគលើការបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន ដោយផ្ដោតសំខាន់ទៅលើ វិធានការបង្ការ ការពារជាជាងវិធានការបង្ក្រាប និងព្យាបាល ។
ជាមួយការលើកឡើងនេះឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ គ្រប់មជ្ឈដ្ឋាន និងគ្រប់វិស័យ ជាពិសេសសិស្សានុសិស្ស សូមបន្តអនុវត្តស្មារតីជាតិរបស់យើង គឺចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមដោះស្រាយ និងលុបបំបាត់ទាំងអស់គ្នា។ ទាំងនេះ គឺផ្តើមចេញពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងយើងទាំងអស់គ្នា តាមរយៈការអប់រំ ក្រើនរំលឹក ពីផលប៉ះពាល់វិនាសកម្ម នៃគ្រឿងញៀន និងត្រូវមានជំហរដាច់ខាត មិនថាក្នុងកាលៈទេសៈណាក៏ដោយ គឺមិនពាក់ព័ន្ធនឹងគ្រឿងញៀនឡើយ។
បើតាមរបាយការណ៍របស់លោក ងិន ពេជ្រ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ទិន្នន័យសំណុំរឿង និងវត្ថុតាងជាគ្រឿងញៀន ដែលគណៈកម្មការដុតបំផ្លាញគ្រឿងញៀន នៃសាលាដំបូងខេត្តត្បូងឃ្មុំ បានរៀបចំវេចខ្ចប់ វត្ថុតាមទាំងអស់នេះ តាមលក្ខណៈបច្ចេកទេស និងមានសុវត្ថិភាព ដោយក្នុងនោះសំណុំរឿងដែលមានសាលក្រមស្ថាពរ និងដីការសម្រេច មានចំនួន ៤២សំណុំរឿង មានវត្ថុតាងគ្រឿងញៀន ប្រភេទមេតាំហ្វេតាមីន ទម្ងន់ ៤៩៩.៤៩ក្រាម និងសំណុំរឿងដែលមានសាលក្រមមិនទាន់ស្ថាពរ និងដីកាសម្រេច មានចំនួន ៨២ សំណរឿង មានវត្ថុតាងគ្រឿងញៀន ប្រភេទមេតាំហ្វេតាមីន ទម្ងន់ ៤,៨៣៥.០៥ក្រាមផងដែរ។




