បាល់ទាត់៖ ក្រុមកាំភ្លើងធំ Arsenal បានឈានដល់កិច្ចព្រមព្រៀងលើការនាំយកកីឡាករ ២រូបដែលរួមមានខ្សែបម្រើ Real Madrid, Martin Odegaard និងអ្នកចាំទី Sheffield United, Aaron Ramsdale។

កីឡាករសញ្ជាតិណ័រវេយ Martin Odegaard ដែលបានចំណាយពេលជាកីឡាករខ្ចីជើងនៅ Arsenal រដូវកាលមុន នៅពេលនេះនឹងបន្តនៅទឹកដី Emirate ក្រោយ Arsenal បានឈានដល់កិច្ចព្រមព្រៀងទិញផ្តាច់ ៣០លានផោនបូកនឹងប្រាក់បន្ថែមផ្សេងទៀត ខណៈកីឡាករវ័យ ២២ឆ្នាំរូបនេះបានពិនិត្យសុខភាពនៅទីក្រុងឡុងដ៍ម្សិលមិញ។ Odegaard បានចំណាយពេលពាក់កណ្តាលរដូវកាលមុននៅ Arsenal ហើយក៏បានក្លាយជាកីឡាករសំខាន់មួយរូបរបស់លោក Mikel Arteta ក្រោយបង្ហាញខ្លួនបាន ២០ប្រកួត។ Martin Odegaard បានផ្លាស់ទៅកាន់ Real Madrid នៅឆ្នាំ២០១៥ តែបង្ហាញខ្លួនបានត្រឹម ៨ប្រកួតនៅ La Liga ប៉ុណ្ណោះ ហើយក៏ត្រូវបានក្លិបបញ្ចេញឱ្យខ្ចីទៅកាន់ Heerenveen, Vitesse, Real Sociedad និង Arsenal។
ជាមួយគ្នានេះដែរ Arsenal ត្រូវបានគេដឹងថា ក៏បានឈានដល់កិច្ចព្រមព្រៀងផងដែរក្នុងការនាំយកអ្នកចាំទី Sheffield United, Aaron Ramsdale។ កីឡាករវ័យ ២៣ឆ្នាំរូបនេះគឺជាសមាជិករបស់ក្រុមជំរើសជាតិអង់គ្លេសនៅ Euro ២០២០ ហើយ Ramsdale នៅពេលនេះក៏អវត្តមានពី Sheffield United ផងដែរកាលពីយប់មិញក្នុងបរាជ័យ ៤-០ នៅទឹកដី West Bromwich Albion ក្របខណ្ឌ League Championship ខណៈការផ្ទេរនឹងសំរេចក្នុងសប្តាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ