ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM បានរាយការណ៍កាលពីថ្ងៃអង្គារ (២៥ មិថុនា) ថា ប្រទេសអារ៉ាប់រួម និយាយថាខ្លួនបានទទួលជោគជ័យក្នុងការសម្រុះសម្រួលការផ្លាស់ប្តូរឈ្លើយសឹក (អ្នកទោសសង្គ្រាម) ចំនួន ១៨០ នាក់រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។

សារព័ត៌មាន WAM បន្ថែមថា ក្រសួងការបរទេសអារ៉ាប់រួម បាននិយាយថាការសម្រុះសម្រួលបានជោគជ័យ ដោយសារតែខ្លួនប្រើប្រាស់ «ទំនាក់ទំនង និងភាពជាដៃគូដោយឡែករបស់ខ្លួនជាមួយភាគីទាំងពីរ រួមទាំងជាអ្នកសម្រុះសម្រួលដ៏គួរឱ្យទុកចិត្តក្នុងចំណោមភាគីទាំងពីរ»។ កាលពីព្រឹកថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងគីវ បានប្រគល់ឈ្លើយសឹកចំនួន ៩០ នាក់ទៅវិញទៅមកក្នុងការផ្លាស់ប្តូរមួយ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានបញ្ជាក់ពីការវិលត្រឡប់របស់អ្នកទោសទាំង ៩០ នាក់នោះ ដោយមានអារ៉ាប់រួមដើរតួជាអន្តរការី។ លោកបន្ថែមថា ទាហានដែលត្រូវបានដោះលែងភាគច្រើនជាពលបាលឯក និងពលបាលត្រី ហើយការដោះដូរនេះជាជំហានមួយទៀតក្នុងដំណើរការនាំអ្នកជាប់ឃុំទាំងអស់ត្រឡប់ទៅប្រទេសវិញ។

ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន អារ៉ាប់រួមបានរក្សានូវវោហាសាស្ត្រអព្យាក្រឹតចំពោះជម្លោះ និងបន្តការសម្របសម្រួលរវាងភាគីទាំងពីរដើម្បីផ្លាស់ប្តូរអ្នកទោស៕