ចៅក្រមនៅទីក្រុងញូវយ៉ក (New York) បានដកដីកាបង្គាប់លើលោក ដូណាល់ ត្រាំ (Donald Trump) មួយផ្នែកកាលពីថ្ងៃអង្គារ (២៥ មិថុនា) បន្ទាប់ពីការកាត់ទោសរបស់លោកលើបទចោទព្រហ្មទណ្ឌ ដែលផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតឆ្នាំ២០១៦ ដោយការប្រើលុយទិញភាពស្ងៀមស្ងាត់របស់តារាអាសអាភាសម្នាក់។

ដីកាបង្គាប់ដែលបានកែសម្រួលនោះ ឥឡូវនេះអនុញ្ញាតឱ្យលោក ត្រាំ អាចនិយាយជាសាធារណៈអំពីសាក្សីក្នុងសំណុំរឿង និងបន្ធូរបន្ថយការហាមឃាត់លើការអត្ថាធិប្បាយរបស់លោកពីគណៈវិនិច្ឆ័យ ប៉ុន្តែនៅរក្សាការដាក់កម្រិតលើសេចក្តីថ្លែងការណ៍របស់លោកអំពីរដ្ឋអាជ្ញា និងអ្នកផ្សេងទៀតដែលពាក់ព័ន្ធនឹងករណីនេះ។

ដីកាបង្គាប់ដាច់ដោយឡែកមួយ ដែលរារាំងលោក ត្រាំ ឬមេធាវីពីភាគីណាមួយ មិនឱ្យកំណត់អត្តសញ្ញាណសមាជិកនៃគណៈវិនិច្ឆ័យអនាមិក នៅតែមានប្រសិទ្ធភាពជាធរមាន នេះបើយោងតាមដីកាកាលពីថ្ងៃអង្គារ ពីលោកចៅក្រម ហ័ន មើឆាន (Juan Merchan)។ រដ្ឋអាជ្ញាបាននិយាយកាលពីសប្តាហ៍មុនថា ក្រុមអ្នកគាំទ្រលោក ត្រាំ បានព្យាយាមកំណត់អត្តសញ្ញាណចៅក្រម និងគំរាមកំហែងប្រើអំពើហិង្សាលើពួកគេ។
អតីតប្រធានាធិបតីរូបនេះបានប្រាប់សារព័ត៌មាន ញូវស៍មែក (Newsmax) កាលពីថ្ងៃអង្គារថា ខ្លួនមានអារម្មណ៍ថាមិនយុត្តិធម៌ទេដែលដីកាបង្គាប់នេះត្រូវបានដកចេញដោយផ្នែក។ មេធាវីរបស់លោក ត្រាំ បានលើកឡើងថា ដីកាបង្គាប់នោះកំពុងរារាំងសុន្ទរកថាយុទ្ធនាការរបស់លោក ហើយបាននិយាយថា វាអាចកំណត់សមត្ថភាពរបស់លោក ត្រាំ ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារពីប្រធានាធិបតីបក្សប្រជាធិបតេយ្យលោក ចូ បៃដិន (Joe Biden) អំឡុងពេលការជជែកដេញដោលរបស់ពួកគេនៅថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) ខាងមុខនេះ៕