ប្រមុខការពារជាតិសហរដ្ឋអាមេរិក និងរុស្ស៊ី បានពិភាក្សាគ្នាតាមទូរសព្ទ កាលពីថ្ងៃអង្គារ (២៥ មិថុនា) នៅក្នុងការទំនាក់ទំនងដ៏កម្ររវាងមហាអំណាចទាំងពីរ ស្របពេលភាពតានតឹងកើនឡើងខ្លាំង បន្ទាប់ពីទីក្រុងមូស្គូ បានស្តីបន្ទោសទីក្រុងវ៉ាស៊ីនតោន ចំពោះការវាយប្រហារដ៏បង្ហូរឈាមរបស់អ៊ុយក្រែន កាលពីចុងសប្តាហ៍លើឧបទ្វីបគ្រីម៉េ (Crimea) ដែលរុស្ស៊ីដាក់បញ្ចូល។

ភាគីទាំងពីរបានផ្តល់ទស្សនៈផ្សេងគ្នាយ៉ាងទូលំទូលាយនៃការសន្ទនា ដែលជាលើកទីមួយរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អស្ទីន (Lloyd Austin) និងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីថ្មី លោក អាន់ឌ្រី បេលូសូវ (Andrei Belousov) ដែលបានជំនួសតំណែងលោក សើហ្កេ សយហ្គូ (Sergei Shoigu) កាលពីខែឧសភា។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ផាទ្រីក រ៉ាយឌ័រ (Patrick Ryder) បានប្រាប់អ្នកយកព័ត៌មានថា លោក អស្ទីន និងលោក បេលូសូវ បានពិភាក្សាអំពីសារៈសំខាន់នៃបណ្តាញទំនាក់ទំនងបើកចំហ។ លោក អស្ទីន បានផ្តួចផ្តើមការសន្ទនានោះ ហើយវាជាការហៅទូរសព្ទបែបនេះជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២៣ មក។

ទោះយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា លោក បេលូសូវ បានព្រមានលោក អស្ទីន អំពីគ្រោះថ្នាក់នៃការបន្តផ្គត់ផ្គង់អាវុធរបស់អាមេរិក ដល់អ៊ុយក្រែន ក្នុងសង្គ្រាមដែលមានរយៈពេល ២៨ ខែនេះ។ ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ចុះដល់កម្រិតទាបបំផុតរបស់ពួកគេ បន្ទាប់ពីប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក៕